ព័ត៌មានអន្តរជាតិ

កម្មករ រាប់ម៉ឺននាក់ របស់ក្រុមហ៊ុនផលិត ​រថយន្ត Volkswagen ផ្ទុះកូដកម្មនៅរោងចក្រ ជាច្រើនទូទាំងប្រទេស អាល្លឺម៉ង់

AFP

បរទេស ៖ កម្មកររាប់ម៉ឺននាក់របស់ក្រុមហ៊ុន Volkswagen (VW) កំពុងចូលរួមក្នុង ការ​ធ្វើកូដកម្មនៅរោងចក្រនានាទូទាំងប្រទេសអាឡឺម៉ង់កាលពីថ្ងៃច័ន្ទ ដោយសារផែនការ របស់ក្រុមហ៊ុនផលិត រថយន្តមួយនេះ ក្នុងការអនុវត្តការបញ្ឈប់ការងារ យ៉ាងច្រើន និងបិទរោងចក្រ ជាច្រើននៅក្នុងប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសហជីពការងារ IG Metall គឺមានកម្មករកំពុងតវ៉ានៅរោងចក្រអាល្លឺម៉ង់ចំនួន០៩របស់ VW រួមទាំងទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុននៅទីក្រុង Wolfsburg ។ ការតវ៉ាក៏ត្រូវបានគេរាយការណ៍ថា បានធ្វើឡើងនៅរោងចក្រ Hanover ដែលមានបុគ្គលិកប្រហែល ១៤.០០០ នាក់ និងនៅរោងចក្រផ្សេងទៀត របស់ក្រុមហ៊ុនរួមមាន Emden, Salzgitter និង Brunswick ។

ប្រភពសហជីពបានប្រាប់សារព័ត៌មាន រ៉យទ័រថា ការធ្វើកូដកម្មរយៈពេលពីរម៉ោងនៅរោងចក្រសំខាន់របស់ក្រុមហ៊ុន VW ក្នុងទីក្រុង Wolfsburg តែម្នាក់ឯង មានន័យថា រថយន្តជាច្រើនរយគ្រឿង មិនអាចផលិតបានទេ។

កូដកម្មដែលគ្រោងនឹងអូសបន្លាយ ជាច្រើនម៉ោង បានកើតឡើងបន្ទាប់ពីរយៈពេលសន្តិភាពជាកាតព្វកិច្ចរវាងកម្មករ និងក្រុមហ៊ុនដែលហាមឃាត់ សកម្មភាពឧស្សាហកម្មបានផុត កំណត់កាលពីថ្ងៃសៅរ៍។

ក្រុមហ៊ុន​រថយន្ត​យក្ស​មួយ​នេះ ​បាន​ចរចា​ជា​ច្រើន​សប្តាហ៍​ជាមួយ​សហជីព​ជុំវិញ​ផែនការ ​កែលម្អ​អាជីវកម្ម​របស់​ខ្លួន ​ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង ​ដោយសារ​តម្លៃ​ថាមពល​ខ្ពស់​ជាង​មុន និង​តម្រូវការ​ចុះទាបនៅ​ចិន និង​អឺរ៉ុប ៕
ប្រែសម្រួលៈ ណៃ តុលា

To Top