ព័ត៌មានអន្តរជាតិ

រដ្ឋអាជ្ញាយោធាកូរ៉េខាងត្បូង ស្វែងរកការដាក់បំរាម ធ្វើដំណើរទៅក្រៅប្រទេស លើមន្ត្រី ១០នាក់ ដែលពាក់ព័ន្ធនឹង ការប្រកាសច្បាប់អាជ្ញាសឹក

AFP

សេអ៊ូល៖ រដ្ឋអាជ្ញាយោធាកូរ៉េខាងត្បូង បានស្វែងរកការហាមប្រាមការ ធ្វើដំណើរទៅក្រៅប្រទេសលើមន្ត្រីចំនួន ១០ នាក់ ដែលពាក់ព័ន្ធនឹងការ ប្រកាសច្បាប់អាជ្ញាសឹក ដែលធ្វើឡើងដោយប្រធានាធិបតីលោក Yoon Suk-yeol កាលពីដើមសប្តាហ៍នេះ។

អយ្យការរបស់ក្រសួងការពារជាតិ បានស្នើឱ្យក្រសួងយុត្តិធម៌ដាក់បម្រាម ការធ្វើដំណើរទៅក្រៅប្រទេសជាបន្ទាន់ លើមន្ត្រីសកម្មចំនួន ១០នាក់ដែលត្រូវបានចោទប្រកាន់ ឬជាប់ពាក់ព័ន្ធក្នុងការចោទប្រកាន់ពីបទ បះបោរពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក។

អ្នកដែលទទួលរងការហាមឃាត់ ការធ្វើដំណើររួមមាន ប្រធានបញ្ជាការដ្ឋានការពាររាជធានី បញ្ជាការសង្គ្រាមពិសេសរបស់កងទ័ព និងបញ្ជាការប្រឆាំងការស៊ើបការណ៍។

ក្រសួង​ការពារជាតិ​បាន​ផ្អាក​ ភារកិច្ច​របស់​មេ​បញ្ជាការ​ទាំង បី​នាក់ ហើយ​ផ្ទេរ​ពួកគេ​ទៅ​អង្គភាព​ផ្សេងៗគ្នា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថាទង្វើ​នេះ​ត្រូវ​បាន​គេ​សន្មត​ថា ជា​ការ​ព្រួយ​បារម្ភ​របស់​ប្លុក​ប្រឆាំង ចំពោះ​ការ​ប្រកាស​ច្បាប់អាជ្ញាសឹក​មួយ​ទៀត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top