ព័ត៌មានអន្តរជាតិ

អ្នកជំនាញយូអិន ជំរុញឱ្យអាមេរិក បញ្ចប់ស្តង់ដារ ទ្វេរលើអ៊ីស្រាអែល និងប៉ាឡេស្ទីន

AFP

ហ្សឺណែវ៖ អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះ “ស្តង់ដារទ្វេរ” របស់ខ្លួន ក្នុងការដោះស្រាយការរំលោភច្បាប់អន្តរជាតិក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយជំរុញឱ្យបញ្ចប់និទណ្ឌភាពសម្រាប់ប្រទេស និងអ្នកគាំទ្ររបស់ខ្លួន។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ អ្នកជំនាញចំនួន ៤នាក់ដែលមានតួនាទីជាអ្នករាយការណ៍ពិសេសទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានជំរុញសហគមន៍អន្តរជាតិឱ្យទទួលខុសត្រូវលើអ៊ីស្រាអែល ចំពោះការរំលោភច្បាប់អន្តរជាតិ រួមទាំងអំពើហិង្សាមិនសមាមាត្រ ការរារាំងមនុស្សធម៌ និងការពង្រីកសកម្មភាពក្នុងការកាន់កាប់ទឹកដីប៉ាឡេស្ទីន។

លោកស្រី Margaret Satterthwaite អ្នករាយការណ៍ពិសេស ស្តីពីឯករាជ្យភាពនៃចៅក្រម និងមេធាវី បានរិះគន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការធ្វើឱ្យខូចដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាមួយនឹងការគំរាមកំហែង “ដ៏ឃោឃៅ” ហើយបានសង្កត់ធ្ងន់លើតម្រូវការយុត្តិធម៌អន្តរជាតិ ដើម្បីអនុវត្តដោយសមធម៌ សម្រាប់ទាំងអស់គ្នា។

លោកស្រី Satterthwaite បានលើកឡើងថា “វាដល់ពេលហើយ ដើម្បីបញ្ចប់ស្តង់ដារទ្វេរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Francesca Albanese អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់តាំងពីឆ្នាំ១៩៧ បានលើកឡើងពីការស្លាប់និងរបួសរបស់ជនស៊ីវិលខ្ពស់លើបុគ្គលិកអង្គការសហប្រជាជាតិ ជាភស្តុតាងនៃការរំលោភបំពានជាប្រព័ន្ធដោយអ៊ីស្រាអែល ដែលសម្របសម្រួលដោយកង្វះការទទួលខុសត្រូវអន្តរជាតិ។

លោក Albanese បានលើកឡើងថា “មិនមានការដាក់ទណ្ឌកម្មលើអ៊ីស្រាអែលនោះទេ ដំណើរការតុលាការត្រូវបានគេព្រងើយកន្តើយ ឬត្រូវបានបញ្ចៀស ពាណិជ្ជកម្មនៅតែបន្ត ហើយទំនាក់ទំនងការទូតនៅតែរក្សាដដែល។ រដ្ឋជាសមាជិកហាក់ដូចជាទៅមុខមិនរួច ឬគួរឱ្យភ្ញាក់ផ្អើល ពួកគេភាគច្រើននៅតែធ្វើឱ្យការកាន់កាប់មានលក្ខណៈធម្មតា”។

លោក Ben Saul អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ក្នុងពេលប្រឆាំងនឹងអំពើភេរវកម្ម បានរិះគន់ការប្រើប្រាស់វោហាសាស្ត្រប្រឆាំងភេរវកម្មរបស់អ៊ីស្រាអែល ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃអំពើហឹង្សាខ្លាំងប្រឆាំងនឹងប៉ាឡេស្ទីន និងការបង្ខូចមនុស្សជាតិដ៏រ៉ាំរ៉ៃរបស់ប្រជាជនប៉ាឡេស្ទីនក្នុងរយៈពេល ១៤ ខែកន្លងមកនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top