បរទេស៖ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានថ្លែងទៅកាន់ប្រជាជាតិ ជាការឆ្លើយតបទៅនឹង ការគំរាមកំហែង របស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump ក្នុងការដណ្តើមគ្រប់គ្រង ព្រែកជីកប៉ាណាម៉ាឡើងវិញ ដែលជាផ្លូវទឹកដ៏សំខាន់ដែលរួមចំណែក រាប់ពាន់លានដុល្លារដល់សេដ្ឋកិច្ច ប៉ាណាម៉ាជារៀងរាល់ឆ្នាំ និងដើរតួជាសរសៃឈាម ដ៏សំខាន់សម្រាប់ ពាណិជ្ជកម្មពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាវីដេអូ កាលពីថ្ងៃអាទិត្យ លោក Mulino បានសង្កត់ធ្ងន់ថា អធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសគឺ “មិនអាចចរចារបាន” ហើយបានគូសបញ្ជាក់អំពីសារៈសំខាន់របស់ព្រែកជីកដែលជាផ្នែកនៃ “ប្រវត្តិសាស្រ្តនៃការតស៊ូ និងដែលមិនអាចត្រឡប់វិញបាន”។
លោក Mulino បានប្រកាសថា “គ្រប់ម៉ែត្រការ៉េនៃព្រែកជីកប៉ាណាម៉ា និងតំបន់ជាប់គ្នារបស់ព្រែកនេះ គឺជាកម្មសិទ្ធិរបស់ប៉ាណាម៉ា ហើយវានឹងបន្តដូច្នេះ” ។
សូមជម្រាបថា កាលពីចុងសប្តាហ៍ លោក Trump បានសម្តែងការខឹងសម្បារ នៅលើបណ្តាញសង្គម Truth Social និងក្នុងអំឡុងពេលសុន្ទរកថា នៅឯសន្និសីទ AmericaFest អំពីអ្វីដែលលោកហៅថា ថ្លៃហួសហេតុ ដែលគិតថ្លៃសម្រាប់ការ ឆ្លងកាត់នាវាអាមេរិកតាមប្រឡាយព្រែកជីកប៉ាណាម៉ា ដោយចោទប្រកាន់ប៉ាណាម៉ាថា បានកេងប្រវ័ញ្ចលើ សហរដ្ឋអាមេរិកដោយថ្លៃហួសហេតុ។
លោកបានប្រាប់អ្នកគាំទ្រ នៅអារីហ្សូណាកាលពីថ្ងៃអាទិត្យថា “យើងកំពុងដកប្រឡាយប៉ាណាម៉ា ដូចនៅគ្រប់ទីកន្លែង ផ្សេងទៀត” បើទោះបីជា “ភាពសប្បុរសដ៏វិសេសវិសាលដែលត្រូវបានផ្តល់ឱ្យប៉ាណាម៉ា” ។
លោក Trump ក៏បានប្រកាសថា លោកនឹងមិនអនុញ្ញាតឱ្យប្រឡាយធ្លាក់ចូលទៅក្នុង “ដៃខុស” នោះទេ ពោលគឺរបស់ចិន ដោយសង្កត់ធ្ងន់ថា “ប្រឡាយប៉ាណាម៉ាដែលមានសុវត្ថិភាពមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងការដាក់ពង្រាយទ័ពជើងទឹកយ៉ាងលឿនពីមហាសមុទ្រអាត្លង់ទិករហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក”៕
ប្រែសម្រួលៈ ណៃ តុលា