ព័ត៌មានអន្តរជាតិ

កាសែតអេស្ប៉ាញ ៖ លោក Donald Trump ស្នើឱ្យប្រធានាធិបតី អ៊ុយក្រែន បោះបង់ទឹកដីដែលបច្ចុប្បន្ន ស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រុស្ស៊ី

RT News

បរទេស៖ សារព័ត៌មានប្រចាំថ្ងៃ របស់អេស្ប៉ាញ El Pais បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីជាប់ឆ្នោត អាមេរិកលោក Donald Trump បានផ្ញើសារទៅកាន់មេដឹកនាំ អ៊ុយក្រែនលោក Vladimir Zelensky ដោយស្នើឱ្យចាប់ផ្តើមគិត អំពីបទឈប់បាញ់ និងបោះបង់ទឹកដី ដែលបច្ចុប្បន្នស្ថិត នៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Trump បានសន្យាម្តងហើយ ម្តងទៀតថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេលមួយថ្ងៃ នៃការចូលកាន់តំណែង ប៉ុន្តែមិនទាន់បានបញ្ជាក់លម្អិត អំពីរបៀបដែលលោក មានផែនការ សម្រេចបាននោះទេ ។ ការស្បថរបស់លោកបានធ្វើឱ្យ មានការព្រួយបារម្ភ នៅក្នុងទីក្រុងគៀវដែលថា វាអាចនឹងមិនត្រឹម តែប្រឈមមុខនឹង ការធ្លាក់ចុះនៃជំនួយប៉ុណ្ណោះទេ ថែមទាំងការធ្វើសវនកម្មលើទឹក ប្រាក់រាប់ពាន់លានដុល្លារ ដែលខ្លួនបាន ទទួលពីសេតវិមាន ក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី Joe Biden ផងដែរ។

កាសែតអេស្ប៉ាញ El Pais បានដកស្រង់សម្តីលោក Trump ដែលបាននិយាយនៅក្នុង “សារ” ទៅកាន់ Zelensky ពីក្លឹបវាយកូនហ្គោល Florida របស់គាត់នៅ សប្តាហ៍នេះថា “អ្នកមើលទៅទីក្រុងមួយចំនួននេះ ហើយមិនមានអគារ មួយណាដែលមានស្ថានភាពល្អនៅសេសសល់ទេ។ ដូច្នេះពេលអ្នកនិយាយថា «ស្ដារប្រទេសឡើងវិញ» តើធ្វើដូចម្តេច? នេះគឺជាការកសាងឡើងវិញរយៈពេល ១១០ ឆ្នាំ”

កាលពីដើមខែនេះ លោក Trump បានអំពាវនាវឱ្យអ៊ុយក្រែន និងរុស្ស៊ីឈានដល់បទឈប់បាញ់ជាបន្ទាន់ ដោយលោកបានបង្ហោះការអំពាវនាវនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social បន្ទាប់ពីជួបលោក Zelensky និងប្រធានាធិបតី បារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីស។

ចំណែកកាសែត Wall Street Journal បានរាយការណ៍កាលពីដើមខែធ្នូ ដោយដកស្រង់សម្តីមន្ត្រីថា លោក Trump បាននិយាយថា អឺរ៉ុបខាងលិច គួរតែដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់អ៊ុយក្រែន ដើម្បីតាមដានបទឈប់បាញ់ ដែលមានសក្តានុពល។ លោកតាមសេចក្តីរាយការណ៍បានបន្ថែមថា អឺរ៉ុប គួរតែដើរតួនាទីសំខាន់ក្នុងការការពារ និង គាំទ្រទីក្រុងគៀវ ខណៈដែលក្រុងវ៉ាស៊ីនតោនអាចគាំទ្រ កិច្ចខិតខំប្រឹងប្រែងដោយមិនបញ្ជូនកងទ័ព៕
ប្រែសម្រួលៈ ណៃ តុលា

To Top