ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើក​ការ​វាយ​ប្រហារ ​តាម​អាកាស​ លើ​ប្រទេស​លីបង់ ទោះបី​ជា​មាន​បទ​ឈប់​បាញ់​

AFP

បេរូត៖ ប្រភពពីមន្ត្រីយោធា និងប្រទេសលីបង់ បានឲ្យដឹងថា ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារលើ ផ្ទះមួយខ្នង នៅតំបន់ Baalbek ភាគខាងកើតប្រទេសលីបង់ កាលពីថ្ងៃពុធ បើទោះបីជាមានកិច្ចព្រមព្រៀង ឈប់បាញ់គ្នា រវាងប្រទេសលីបង់ និងអ៊ីស្រាអែលក៏ដោយ ។

ទីភ្នាក់ងារព័ត៌មានជាតិផ្លូវការ បានចុះផ្សាយថា កូដកម្មនាពេលព្រឹកព្រលឹម បានវាយប្រហារផ្ទះមួយខ្នង ក្នុងភូមិ Taraya ក្បែរទន្លេ Litani ភាគខាងលិចទីក្រុង Baalbek ដោយមិនបណ្តាល ឲ្យមានអ្នករងរបួសនោះទេ និងបានចោទប្រកាន់ យន្តហោះចម្បាំងអ៊ីស្រាអែលថា “រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់” ។

ប្រភពយោធាលីបង់បានប្រាប់ស៊ីនហួថា កាំភ្លើងធំរបស់អ៊ីស្រាអែល ក៏បានបាញ់ផ្លោងជាច្រើនគ្រាប់នៅភូមិ Maroun al-Ras ក្នុងតំបន់ព្រំដែនភាគខាងត្បូង នៅពេលថ្ងៃត្រង់ ។  ប្រភពបានបន្ថែមថា “កងកម្លាំងរបស់អ៊ីស្រាអែល បានលើកទង់ជាតិ អ៊ីស្រាអែល នៅលើភ្នំ Awaida នៅជាយក្រុងភាគខាងត្បូង នៃស្រុក Marjeyoun” ។

បទឈប់បាញ់ដែលមានបំណង បញ្ឈប់ការប្រយុទ្ធគ្នាដែលមានរយៈជិត ១៤ខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ។ កិច្ចព្រមព្រៀងបានកំណត់ការដកទ័ព អ៊ីស្រាអែល ចេញពីទឹកដីលីបង់ក្នុងរយៈពេល ៦០ថ្ងៃ ដោយកងទ័ពលីបង់ ដាក់ពង្រាយនៅតាមព្រំដែន និងនៅភាគខាងត្បូង ដោយទទួលយកការ គ្រប់គ្រងសន្តិសុខ និងហាមឃាត់អាវុធ និងពួកសកម្មប្រយុទ្ធ។

ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏អ៊ីស្រាអែល បានធ្វើការវាយប្រហារ ជាបន្តបន្ទាប់នៅក្នុងប្រទេសលីបង់ ដែលមួយចំនួនបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ។  អ៊ីស្រាអែល​រក្សា​ការ​វាយ​ប្រហារ ​គោល​ដៅ​លើ​ក្រុម​សកម្មប្រយុទ្ធហេសបូឡា ដែល​ខ្លួន​បាន​ចោទ​ប្រកាន់​ថា​ បាន​បំពាន​កិច្ច​ព្រម​ព្រៀង ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top