ព័ត៌មានជាតិ

ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កំពុងប្រែមុខ ប្រែមាត់ថ្មីហើយ !

ពោធិ៍សាត់ ÷ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺជាភូមិ ដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីទីរួមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ពលរដ្ខដែលរស់នៅភូមិ ដែលទើបតែបង្កើតថ្មី នេះមានចំនួន ៦២៨ គ្រួសារសុទ្ធសឹងជាគ្រួសារ អតីតយុទ្ធជនក្រីក្រ ដែលត្រូវជ្រើសរើសអោយ ទទួលបានផ្ទះនិងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលកម្ពុជា ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយ នឹង កម្លាំងចិត្តការ ពារបូរណភាព ទឹកដីនិង ពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើ អោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាព នឹងការអភិវឌ្ឍន៍ មកទល់នឹងសព្វថ្ងៃនេះ ។

ក្រោមការគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹង បន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរយ៉ាងហ្មត់ចត់និងចងចាំ ជានិច្ចចំពោះគ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់ បានចូលរួមតស៊ូរំដោះ ជាតិមាតុភូមិពីរបបប្រល័យ ពូជសាសន៍ប៉ុលពត ដ៍ខ្មៅងងឹតពីអតីតកាល ។ ដោយមានការយកចិត្តទុកដាក់ និង គិតគូរខ្ពស់ពីសម្តេចតេជោ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចមហាបវរធិបតី គឺបានធ្វើការសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការ ចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម អណ្តូងទឹក តបណ្តាញអគ្គីសនី ដាក់អំពូលភ្លើងសូឡា សាងសង់ទំនប់ ស្ទាក់ទឹក ផ្លូវខ្វាត់ខ្វែង បណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និង ផ្តល់អំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យនិងសម្ភារះផ្សេងៗ ទៅតាមលទ្ធភាពជាក់ស្តែង ដែលមានរដ្ឋបាល ខេត្តពោធិ៍សាត់ ក៍ដូចជាមន្ទីរអង្គភាព ជុំវិញខេត្ត ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយភូមិ ដែលទើបតែបង្កើតថ្មីនេះ។អតីតយុទ្ធជនចំនួន ៦២៨ គ្រួសារត្រូវ ទទួលបានផ្ទះ ១ ខ្នង និង ដីសម្រាប់ ធ្វើកសិកម្មបណ្តោយ ប្រវែង ២៥០×ទទឹង ៧០ ម៉ែត្រ។ក្រៅពីនោះ ក៍នៅមាន ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវមានចំនួន ១៤ ខ្សែស្មើនឹង ៥៩ គីឡូម៉ែត្រ,អណ្តូងទឹកមានចំនួន ២៦០ អណ្តូង,សាលារៀន មណ្ឌលសុខភាព និង វត្តអារ៉ាមចំនួន ១ វត្តផងដែរ។ទាំងអស់នេះគឺផ្តើម ចេញពីការគិតគូរយកចិត្ត ទុកដាក់ខ្ពស់ពី ថ្នាក់ដឹកនាំកំពូលរបស់យើង ហើយបានប្រែក្លាយ ទៅជាតំបន់អភិវឌ្ឍន៍ដែលជាមោទនភាព នឹង កិត្តិយសបំផុតសម្រាប់ គ្រួសារអតីតយុទ្ធជន ដែលបានមករស់នៅ ប្រកបមុខរបរចិញ្ចឹមជីវិត ។

ថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានសហការ ជាមួយក្រសួង កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានចុះមកផ្សព្វផ្សាយអំ ពីសហគមន៍ កសិកម្មទំនើប ជូនដល់ពលរដ្ឋប្រមាណ ១៤៥ នាក់ដែលកំពុងរស់នៅ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដើម្បីត្រៀមខ្លួនសម្រាប់ចងក្រងសហគមន៍កសិកម្មទំនើប តាមរយះការដាក់ចេញ នូវកម្មវិធីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ នឹង រក្សាលំ នឹងថ្លៃកសិផល ក្នុងគោលបំណងប្រែក្លាយ វិស័យកសិកម្ម ពីលក្ខណះគ្រួសារអោយ ទៅជាសហគ្រាស សេដ្ឋកិច្ច កសិកម្មរឹងមាំ នឹង មានសមត្ថភាពប្រកួតប្រជែងទាំងគុណភាព និង បរិមាណ ។

ជាមួយគ្នានោះ អ្វីដែលធ្វើអោយគ្រួសារ អតីតយុទ្ធជន ដែលកំពុងរស់នៅ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង កាន់តែមានភាពកក់ក្តៅ បន្ថែមទៀតនោះ គឺ ជានិច្ចជាកាល លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកតែងតែដឹក នាំមន្ត្រី ក្រោមឱវាទចុះមកសួរសុខទុក្ខជាប្រចាំ ដើម្បីពិនិត្យនិងដោះស្រាយរាល់បញ្ហា ប្រឈមនានារបស់បងប្អូន គ្រួសារអតីតយុទ្ធជនទាំងអស់នៅទីនោះ ។

ជាក់ស្តែង នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៤នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោម ឱវាទចុះមកសួរសុខ ទុក្ខគ្រួសារអតីតយុទ្ធជន នៅតាមខ្នងផ្ទះនិង រៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលមាននៅក្នុងបរិវេណមណ្ឌលសុខភាព សាលារៀន នឹង វត្តអារ៉ាមនៅទីនោះផងដែរ៕

To Top