ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនលោកផ្ទាល់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានជំពាក់កម្ចីអនឡាញ។
លោក គួច ចំរើន អំពាវនាវបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,៩៨៨ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅស្ថិតនៅភូមិស៊ីធរកើត ភូមិព្រៃបាំង និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ។
ជាមួយគ្នានោះលោកអភិបាលខេត្តកណ្ដាល ក៏បានគូសបញ្ជាក់ថា កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ មានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង ។
លោក គួច ចំរើន សង្កត់ធ្ងន់ថា «ដូច្នេះប្រសិនបើប្រជាពលរដ្ឋណា មានការជំពាក់កម្ចីអនឡាញ សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកខ្ញុំផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការពិនិត្យ និងសម្របសម្រួល ជៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម» ៕