ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ អញ្ជេីញពិនិត្យការរៀបចំ ត្រៀមព្រឹត្តិការណ៍ បាល់ទាត់មិត្តភាពសាទរ “ទិវាសន្តិភាពនៅកម្ពុជា” នៅពហុកីឡដ្ឋានជាតិ មរតកតេជោ

រូបភាព៖​ ដេីមអម្ពិល/​ ម៉ៅ​ ដារាត់

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជេីញដឹកនាំមន្ត្រី ពាក់ព័ន្ធនិងមន្ទីរនានា ចុះពិនិត្យមើលលេីការរៀបចំទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដេីម្បីធានាលេីសន្តិសុខ សុវត្ថិភាព និងពិនិត្យមេីលការរៀបចំបច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ ក្នុងន័យធ្វេីយ៉ាងឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាប់ផ្ដើម ពោលធ្វើឡើងនារសៀលថ្ងៃទី២៩ធ្នូស្អែក នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ក្នុងដំណេីរពិនិត្យលេីការរៀបចំនេះ លោក ឃួង ស្រេង បានត្រួតពិនិត្យបន្ថែម ជាមួយក្រុមការងារពាក់ព័ន្ធ ទាំងការរៀបចំ សន្តិសុខ សុវត្ថិភាព ការផ្សព្វផ្សាយ និងបច្ចេកទេសនានាជាដេីមដេីម្បីត្រៀមទទួលស្វាគមន៍ ព្រឹត្តិការបាល់ទាត់ មិត្តភាព ដើម្បីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ២៩ធ្នូ ។

ដេីម្បីឱ្យកាន់មានសោភ័ណ្ឌភាព និងមានអនាម័យ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមករងារបរិស្ថាន រៀបចំលាងសម្អាត បរិវេនទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោបន្ថែមទៀតផងដែរ ។

សូមរំលឹកថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ស្អែកនេះ តាមការគ្រោងទុកនឹងមានមហាជនចូលរួមប្រមាណជាង៥ម៉ឺននាក់។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពីវឌ្ឍនៈភាព នៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» កាលពីថ្ងៃទី២៣ធ្នូនេះ នៅសាលារាជធានីភ្នំពេញ ជាមួយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ,លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធ កីឡាបាល់ទាត់ កម្ពុជានោះ លោក ឃួង ស្រេង បានលើកឡើងថា ចំពោះព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករដើម្បីសំអាត អនាម័យបរិស្ថានជាដើម។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនអ្នកចូលរួមផងដែរ។

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាព នៅកម្ពុជា» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការ ប្រកួតចំនួន២គូ ។ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជាក្រុមB និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមA ដោយគ្រោង អ្នកចូលរួមប្រមាណជាង ៥ម៉ឺននាក់ខណៈសម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA នៅវេលាម៉ោង១៧:០០នាទី៕

To Top