ភ្នំពេញ ៖ ក្នុងឱកាសទិវាសន្ដិភាព ២៩ ធ្នូ, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកសារចំនួន៣ បន្ទាប់ពីសម្តេច ទទួលមេដឹកនាំខ្មែរក្រហមមកទទួលទានអាហារ នៅផ្ទះរបស់សម្តេច ក្នុងពេលអំឡុងឆ្នាំ១៩៩៨។
តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «២៦ឆ្នាំមុន ថ្ងៃនេះ ២៩ ធ្នូ ១៩៩ ៨មេដឹកនាំ ខ្មែរក្រហមរួមមាន ខៀវ សំផន នួន ជា អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រី ផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំ ដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា»។
សម្ដេចតេជោ បន្ដថា ខ្ញុំសម្រេចទទួល ខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀត នៅផ្ទះរបស់ខ្ញុំ នៅតាខ្មៅដោយចង់ផ្ញើសារ ៣ចេញទៅកាន់៖
១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។
២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថាសង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។
៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ សូមមកវិនិយោគ និងមកទេសចរណ៍ នៅកម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញ
លេញហើយ ។ នេះជាសារចុងក្រោយ នៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ។ (ផ្ការីកគ្រប់រដូវ ក្រោមម្លប់សន្តិភាព)៕