ព័ត៌មានអន្តរជាតិ

អេមីរាត ថ្កោលទោសការ ដុតមន្ទីរពេទ្យហ្គាហ្សា ដោយកង កម្លាំងអ៊ីស្រាអែល

AFP

អាប៊ូដាប៊ី៖ អេមីរាត អារ៉ាប់រួម (UAE) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការដុតមន្ទីរពេទ្យ Kamal Adwan នៅភាគខាងជើងហ្គាហ្សាស្ទ្រីបដោយកងទ័ពអ៊ីស្រាអែល ដែលបានបង្ខំអ្នកជំងឺ និងបុគ្គលិកពេទ្យ ឱ្យជម្លៀសខ្លួនចេញដោយបង្ខំ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួង ការបរទេសរបស់ខ្លួន អេមីរ៉ាតអារ៉ាប់រួម បានសម្តែងការបដិសេធរបស់ខ្លួន ចំពោះទង្វើនេះ ដោយពណ៌នាថាវាជា “ការរំលោភយ៉ាងធ្ងន់ធ្ងរ” នៃច្បាប់មនុស្សធម៌អន្តរជាតិ និងជាផ្នែកនៃ “ការវាយប្រហារជាប្រព័ន្ធ” លើប្រព័ន្ធថែទាំសុខភាព ដ៏ផុយស្រួយរបស់តំបន់ហ្គាហ្សា។

ក្រសួងបានអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការការពារជនស៊ីវិល និងស្ថាប័នស៊ីវិល នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា “ស្ថានភាពបច្ចុប្បន្នតំណាងឱ្យភាពអាសន្ន ផ្នែកមនុស្សធម៌ដ៏មហន្តរាយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់” ។

អេមីរ៉ាតអារ៉ាប់រួម ក៏បានជំរុញសហគមន៍អន្តរជាតិ ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការខ្សោះជីវជាតិបន្ថែមទៀតនៅក្នុង “ទឹកដីប៉ាឡេស្ទីន ដែលត្រូវបានកាន់កាប់” និងគាំទ្ររាល់គំនិតផ្តួចផ្តើម ដែលមានបំណងសម្រេច បាននូវសន្តិភាពដ៏ទូលំទូលាយនិងយុត្តិធម៌ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top