ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ុយក្រែន ១៨៩នាក់ ត្រូវបានបញ្ជូនពីរុស្ស៊ី មកកាន់ប្រទេសរបស់ខ្លួនវិញ ក្រោមកិច្ចព្រម ព្រៀងសម្រាប់ការដោះដូរអ្នកទោស

China daily

គៀវ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ជនជាតិអ៊ុយក្រែនសរុបចំនួន១៨៩នាក់ បានវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ក្រោយពីការចាប់ឃុំខ្លួនដោយរុស្ស៊ីកាលពីថ្ងៃចន្ទ ដែលនេះជាផ្នែកមួយ នៃការដោះដូរអ្នកទោសថ្មី ។

លោក Zelensky បានសរសេរនៅក្នុងសារបង្ហោះ នៅលើបណ្តាញសង្គម Telegram ថា ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងទាំងនោះ មានទាហានចំនួន១៨៧នាក់ បូករួមទាំងមន្រ្តី ទាហាន និងពលទាហាន ជាមួយគ្នានេះដែរមានជនស៊ីវិលចំនួន ២នាក់ ។

លោកបានថ្លែងទៀតថា ទាហានដែលត្រូវបានដោះលែង រួមមានបុគ្គលិកយោធាដែលបានប្រយុទ្ធ ដើម្បីការពាររោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ទីក្រុង Mariupol និងកោះពស់ នៅដែនសមុទ្រខ្មៅ។

ការិយាល័យកណ្តាលសម្របសម្រួល សម្រាប់ការព្យាបាលអ្នកទោសសង្គ្រាមបានឲ្យដឹងថា អ៊ុយក្រែន និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរអ្នកទោសចំនួន ៥៩លើករហូតមកដល់បច្ចុប្បន្ន ។

ការផ្លាស់ប្តូរទាំងនេះបានធ្វើឱ្យមានការដោះលែងមនុស្សចំនួន ៣.៩៥៦នាក់ ពីការជាប់ឃុំឃាំងនៅរុស្ស៊ីបូករួមទាំង ១.៣៥៨នាក់ ត្រូវបានដោះលែង គិតតែនៅក្នុងឆ្នាំនេះប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top