តូក្យូ ៖ អ្នកនាំពាក្យរដ្ឋាភិបាល កំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បានជំរុញឱ្យយោធា សហរដ្ឋអាមេរិក អនុវត្តវិធានការបង្ការ ទាក់ទងនឹងការរំលោភផ្លូវភេទ បន្ថែមទៀត បន្ទាប់ពីឧប្បត្តិហេតុថ្មីៗនេះ ពាក់ព័ន្ធនឹងទាហានម៉ារីនអាមេរិក នៅអូគីណាវ៉ា។
ប្រធានខុទ្ទកាល័យលោក Hayashi បានឲ្យដឹងថា ករណីចុងក្រោយបំផុត ដែលអ្នកបម្រើក្នុងវ័យ ៣០ឆ្នាំរបស់លោក ត្រូវបានចោទប្រកាន់ ពីបទរំលោភផ្លូវភេទ និង ធ្វើឱ្យស្ត្រីម្នាក់រងរបួស នៅក្នុងខេត្តអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំមុន បានបង្កឱ្យមានការព្រួយ បារម្ភជាថ្មីក្នុងចំណោមអ្នកស្រុក ។
លោក Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា “យើងនឹងជំរុញឱ្យកងកម្លាំង សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន រឹតបន្តឹងវិន័យ និងអនុវត្តវិធានការ បង្ការឱ្យបានពេញលេញ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប៉ូលិសអូគីណាវ៉ា បានបញ្ជូនសំណុំរឿង រំលោភបំពានផ្លូវភេទទៅព្រះរាជអាជ្ញាកាលពីថ្ងៃពុធ ដែលជាករណីចុងក្រោយបំផុត នៃការរំលោភដោយហឹង្សាលើស្ត្រីនៅលើកោះ ដែលមានទីតាំងយោធា ភាគច្រើនរបស់សហរដ្ឋអាមេរិក។
កោះអូគីណាវ៉ាមាន ៧០ភាគរយ នៃមូលដ្ឋានយោធាអាមេរិកទាំងអស់ នៅក្នុងប្រទេសជប៉ុនខណៈពេលដែលមានត្រឹមតែ ០,៦ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេស ។ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយសមាជិក សេវាកម្មអាមេរិក និងបុគ្គលិកមិនមែនយោធា គឺជាប្រភពនៃទុក្ខព្រួយឥតឈប់ឈរ សម្រាប់អ្នកស្រុក ៕
ប្រែសម្រួល ឈូក បូរ៉ា