បរទេស៖ វាមានរយៈពេលជាងមួយសប្តាហ៍ហើយ ចាប់តាំងពីអគ្គីភ័យដ៏ធំចំនួនពីរ បានបង្ខំមនុស្សរាប់ម៉ឺននាក់ឱ្យភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ Los Angeles ហើយក្រុមមន្ត្រីបាននិយាយថា អ្នកស្រុកនឹងមិនទាន់អាចត្រលប់ទៅ ផ្ទះវិញក្នុងពេលឆាប់ៗនេះទេ។ នៅពេលដែលការស្វែងរក នៅតែបន្តសម្រាប់អ្នកស្លាប់ អចលនទ្រព្យក៏ប្រឈមមុខនឹងគ្រោះថ្នាក់ថ្មី ជាមួយនឹងជម្រាលដែលឆេះដែលមាន ហានិភ័យនៃការរអិលបាក់ដី និងកំទេចកំទីដែលឆេះដោយផ្ទុកសារធាតុអាបស្តូស ជាធាតុដែលមិនឆេះ និងជាតិពុលផ្សេងទៀត។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្សជាង ៨០.០០០នាក់ នៅតែស្ថិតក្រោមការបញ្ជាឱ្យជម្លៀសចេញ។ ប្រជាជនជាច្រើននាក់បានប្រមូលផ្តុំគ្នា នៅប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីអង្វរដល់ប៉ូលីស និងទាហាន ដែលរឹតបន្តឹងការចូលទៅកាន់សង្កាត់របស់ពួកគេ។
ក្រុមមន្ត្រីបាននិយាយថា ពួកគេយល់ពីការខកចិត្តរបស់ប្រជាជន ប៉ុន្តែពួកគេបានសុំឱ្យអ្នកស្រុកមានការអត់ធ្មត់ ពួកគេបាននិយាយថា វានឹងមានរយៈពេលមួយសប្តាហ៍ ឬច្រើនជាងនេះ មុនពេលដែលប្រជាជនអាចត្រឡប់ទៅផ្ទះវិញ។
មន្ដ្រីបន្ថែមថា ចំនោទនៃភ្នំ បានក្លាយទៅជាមិនស្ថិតស្ថេរនៅ ពីក្រោយផ្ទះដែលរងការខូចខាតមួយចំនួន ហើយការបាក់ដីតូចមួយនៅប៉ាស៊ីហ្វិក Palisades ក្នុងសប្តាហ៍នេះបានបញ្ជូនកំទេចកំទីចូលទៅក្នុងផ្លូវ។
នៅពេលដែលក្រុមអ្នកពន្លត់អគ្គីភ័យ បានបន្តប្រយុទ្ធនឹងអគ្គីភ័យដ៏ធំបំផុតពីរ ដែលបានសម្លាប់មនុស្ស ២៥ នាក់ និងបានបំផ្លាញសំណង់ជាង ១២.០០០ ក្រុមគ្រួសារដែលខូចចិត្ត និងម្ចាស់អាជីវកម្មដែលឆេះអស់ បានចាប់ផ្តើមប្រឈមមុខនឹងកិច្ចការ ដ៏មហិមាមួយទៀតគឺការកសាងឡើងវិញ នូវអ្វីដែលបានបាត់បង់៕
ប្រែសម្រួលៈ ណៃ តុលា