ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូង បណ្តេញមេបញ្ជាការជាន់ខ្ពស់ ៤នាក់ចេញពីមុខតំណែង ពាក់ព័ន្ធនឹងការដាក់ចេញ ច្បាប់អាជ្ញាសឹករយៈពេលខ្លី

Yonhap News

បរទេស៖ យោធាកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានអនុម័តលើការបណ្តេញចេញពី មុខតំណែងជាផ្លូវការមេបញ្ជាការជាន់ខ្ពស់ចំនួន ៤ នាក់ដែលត្រូវបានសង្ស័យថា បានចូលរួមជាមួយប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ក្នុងការ ដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លី។

យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចចិត្តដែលបានធ្វើឡើង នៅគណៈកម្មាធិការវិន័យនៃក្រសួងការពារជាតិ និងកងទ័ព ប៉ះពាល់ដល់ឧត្តមសេនីយ៍ឯក Yeo In-hyung ដែលជាប្រធានបញ្ជាការប្រឆាំងចារកម្មការពារជាតិ, ឧត្តមសេនីយទោ Moon Sang-ho ប្រធានបញ្ជាការស៊ើបការណ៍ការពារជាតិ, ឧត្តមសេនីយ៍ឯក Lee Jin-woo ប្រធានបញ្ជាការដ្ឋានការពាររដ្ឋធានី និងលោកឧត្តមសេនីយ៍ Kwak Jong-keun ប្រធានបញ្ជាការសង្គ្រាមពិសេសកងទ័ព , នេះបើយោងតាមក្រសួងការពារជាតិ។

មេបញ្ជាការទាំងបួនរូបត្រូវបានគេសង្ស័យថា បានចូលរួមក្នុងប្រតិបត្តិការច្បាប់អាជ្ញាសឹក ក្នុងអំឡុងពេលនៃការប៉ុនប៉ង ដាក់ច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីថ្ងៃទី៣ ខែធ្នូ។

ការបណ្តេញចេញនេះត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃអង្គារ នៅពេលដែលក្រសួងនឹងជូនដំណឹង ជាផ្លូវការដល់មេបញ្ជាការទាំងបួន អំពីការសម្រេចចិត្តនេះ។

បច្ចុប្បន្នក្រសួងការពារជាតិកូរ៉េខាងត្បូង កំពុងធ្វើការពិនិត្យផ្លូវច្បាប់លើវិធានការវិន័យ ដែលអាចកើតមានចំពោះនាយសេនាធិការកងទ័ព ឧត្តមសេនីយ៍ Park An-su ដែលមានតួនាទីជាមេបញ្ជាការ ច្បាប់អាជ្ញាសឹកផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top