កំពង់ស្ពឺ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានព្រមានដល់មន្ត្រីអាវុធហត្ថទាំងអស់ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺកុំមានការ ពាក់ព័ន្ធនិងធ្វើជាខ្នងបង្អែកឧក្រិដ្ឋជនគ្រឿងញៀន និងបទល្មើសនានា។ ការណ៍នេះធ្វើឡើង ក្នុងឱកាសប្រកាសចូលកាន់តំណែងលោក ជាង រចនា ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថាក្នុងនាមជាសមត្ថកិច្ច ត្រូវតែរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយត្រូវតែធ្វើជាកូន ជាចៅ និងជាសមត្ថកិច្ចដែលបងប្អូនស្រលាញ់ និងជឿទុកចិត្ត។ ហើយដើម្បីទទួលបានការស្រឡាញ់និងជឿទុកចិត្ត ក្នុងនាមសមត្ថកិច្ចគប្បីត្រូវអនុវត្ត ឱ្យបាននូវទិសស្លោករបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។មួយវិញទៀត ត្រូវរួមគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្ថែមថា បទល្មើសគ្រឿងញៀននិងបទល្មើសក្មេងទំនើង បច្ចុប្បន្នបានក្លាយជាប្រធានបទក្តៅ ដែលរាជរដ្ឋាភិបាលបាននិងកំពុង យកចិត្តទុកដាក់ខ្លាំងហើយក៏បានដាក់បទបញ្ជាយ៉ាងតឹងរឹង មកដល់សមត្ថកិច្ចរាជធានី-ខេត្ត ឱ្យបង្ក្រាបឱ្យខានតែបានទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីសុខសុវត្ថិភាពនិងសន្តិសុខក្នុងសង្គម ពិសេសមូលដ្ឋានពលរដ្ឋរស់នៅ។ ក្នុងនោះអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បាននិងកំពុងយកអស់កម្លាំងកាយចិត្ត បង្ក្រាបដូចភ្លៀងរលឹម ចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន អ្នកជួញដូរ ចែកចាយយកមកផ្តន្ទាទោសជាបន្តបន្ទាប់ ទន្ទឹមនេះក្មេងទំនើងក៏ត្រូវបានចាប់ខ្លួនបានច្រើនករណីផងដែរ។
ពាក់ពន្ធ័និងករណីនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានដាក់បញ្ជាដាច់ណាត់ទៅដល់មេបញ្ជាការក្រុង-ស្រុកទាំង៩ក្នុងក្របខណ្ឌខេត្ត ពិសេសមេបញ្ជាការស្រុកសាមគ្គីមុនីជ័យ ដែលទើបទទួលការតែងតាំងថ្មីត្រូវបង្កើនប្រសិទ្ធិភាពទទួលខុសត្រូវ ចំពោះសេចក្តីសុខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បង្ក្រាបឱ្យខានតែបាននូវរាល់បទល្មើស ដែលកើតមានឡើង។ ហើយត្រូវជៀសវាងដាច់ខាតនូវការ ធ្វើជាខ្នងបង្អែកបទល្មើស ដើម្បីជាថ្នូរនិងផលប្រយោជន៍អ្វីមួយ ក្នុងករណីរកឃើញថា មានការជាប់ពាក់ព័ន្ធគឺមិនត្រូវបានលើកលែងឡើយ។ មួយវិញទៀតមេក្រុងស្រុកដែលមិនទាន់ បង្ក្រាបបទល្មើសបានត្រូវតែបង្ក្រាបឱ្យបាន ហើយចំពោះអ្នកដែលបានធ្វើហើយ ត្រូវបន្តធ្វើបន្ថែមទៀត។ ក្នុងករណីមេបញ្ជាការដែលឡើងទៅកាន់ ក្រុងស្រុកហើយមិនធ្វើឬមិនបង្ក្រាបបទល្មើស នោះនឹងត្រូវពិនិត្យឡើងវិញ ក្នុងករណីរកឃើញថាបទល្មើស កើតមានច្រើនក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង នោះមិនអនុញ្ញាតឱ្យនៅបន្តទៀតទេ។ ទន្ទឹមនេះក៏ត្រូវគិតគូក្នុងការកសាងកន្លែងធ្វើការ ស្នាក់នៅរបស់មន្ត្រីឱ្យបានសមរម្យ ផ្តល់អាហារហូបចុកឱ្យបានគ្រប់គ្រាន់ ពិសេសគ្រប់គ្រងសព្វាវុធឱ្យគត់មត់៕ ដោយ៖ សុខ សុភ័ណ្ឌ រូបថតអាវុធហត្ថ