វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមិនដាក់ពន្ធលើប្រទេសកូឡុំប៊ីនោះទេ បន្ទាប់ពីរដ្ឋាភិបាលរបស់ខ្លួន បានយល់ព្រមទទួលយកជនជាតិកូឡុំប៊ី ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក។
លោកស្រី Leavitt បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “រដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី បានយល់ព្រមតាមលក្ខខណ្ឌទាំងអស់ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ រួមទាំងការទទួលយកដោយគ្មានការរឹតត្បិត ចំពោះជនបរទេសខុសច្បាប់ទាំងអស់ពី ប្រទេសកូឡុំប៊ីដែលត្រឡប់មកពីសហរដ្ឋអាមេរិក រួមទាំងនៅលើយន្តហោះយោធារបស់សហរដ្ឋអាមេរិក ដោយគ្មានដែនកំណត់ ឬពន្យារពេល” ។
នៅព្រឹកថ្ងៃដដែល លោក ត្រាំ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់លោកថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ២៥ភាគរយ ដែលនឹងកើនឡើងដល់ ៥០ភាគរយក្នុងមួយសប្តាហ៍លើទំនិញទាំងអស់ ដែលចូលមកសហរដ្ឋអាមេរិកពីប្រទេសកូឡុំប៊ី។
ជាការឆ្លើយតប ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បានឲ្យដឆងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រទេសកូឡុំប៊ី នឹងឆ្លើយតបទៅនឹងការដំឡើងពន្ធជាមួយនឹង ការដំឡើងពន្ធរបស់ខ្លួនលើទំនិញ របស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា