ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានប្តេជ្ញាដាក់ចេញគោលដៅក្នុងការ បញ្ចប់ការស្រាវជ្រាវរកចំការមីន នៅតាមបណ្តោយព្រំដែន ក្នុងអំឡុងខែកក្កដា ឬសីហា ឆ្នាំ២០២៥ខាងមុខនេះ ។
លោក ហេង រតនាបានមានប្រសាសន៍នាពេលថ្មីៗនេះថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានចង្អុលបង្ហាញឲ្យមានការស្រាវជ្រាវ គ្រប់ជ្រុងជ្រោយបញ្ហានៅសេសសល់ ពាក់ព័ន្ធវិស័យមីន ដូចជាការស្រាវជ្រាវរកចំការមីននៅតាមបណ្តាស្រុក-ខេត្ត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
លោកគូសបញ្ជាក់ថា កន្លងមកការស្រាវជ្រាវមិនទាន់បានគ្រប់ ជ្រុងជ្រោយដោយសារបញ្ហាភូមិសាស្រ្ត ការអភិវឌ្ឍផ្លូវដែលធ្វើឲ្យប្រជាពលរដ្ឋ នៅតំបន់នោះមានគ្រោះថ្នាក់មួយចំនួន គឺមិនស្ថិតនៅក្នុងរបាយការណ៍ដែលបានស្រាវជ្រាវ។
លោក ហេង រតនា បន្ថែមថា “អីចឹងហើយបានជាសម្តេចធិបតីបានអនុញ្ញាតឲ្យ អង្គភាពស៊ីម៉ាក់សហការជិតស្និត ជាមួយកងយោធពលខេមរភូមិន្ទ អាជ្ញាធរមីនក៏ដូចជាគណៈកម្មាធិការព្រំដែន ក្នុងការធ្វើការស្រាវជ្រាវចំការមីនឲ្យ បានពេញលេញនៅតាមបណ្តោយព្រំដែន ។ បច្ចុប្បន្នយើងកំពុងតែជំរុញ យើងទើបតែបញ្ចប់ខេត្តបន្ទាយមានជ័យ ហើយយើងនឹងបន្តទៅខេត្តឧត្តរមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត ។ នៅក្នុងឆ្នាំ២០២៥នេះ យើងព្យាយាមធ្វើម៉េចឲ្យចប់នៅក្នុងរង្វង់ខែកក្កដា ឬសីហា”។
ជាមួយគ្នានេះលោកហេង រតនាថា សម្តេចធិបតីក៏បានអនុញ្ញាតឲ្យស្រាវជ្រាវ ចំពោះតំបន់ណាដែលរងផលប៉ះពាល់ ពីការទំលាក់គ្រាប់បែកចង្កោម និងគ្រាប់បែកទំលាក់ពីយន្តហោះផងដែរ ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ កម្ពុជាបានបោសសម្អាតគ្រាប់មីនលើផ្ទៃដីជាង ៣ពាន់គីឡូម៉ែត្រការ៉េ ។ ក្នុងចំណោមផ្ទៃដីរំដោះបានពីចំការមីនជាង ៣ពាន់គីឡូម៉ែត្រការ៉េនេះ គឺផ្ទៃដី៧៦% ត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម , ៥% ត្រូវបានប្រើប្រាស់សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និង១៩% យកទៅប្រើប្រាស់ក្នុងការសាងសង់លំនៅឋាន ភូមិករ សាលារៀន ឬមណ្ឌលសុខភាពជាដើមដោយប្រជាជនជិត ១២លាននាក់ ទទួលផលពីដីគ្មានមីនទាំងនេះ៕