ភ្នំពេញ ៖ អ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riyaបានទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពនានាដែលនាំឲ្យប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ខណៈកាលពីប៉ុន្មានថ្ងៃមុន Love Riya បាននិយាយថា ខ្លួនជា ព្រះនាងឥន្ទ្រទេវី ជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧មកចាប់ជាតិ។
ការទទួលស្គាល់កំហុសនេះ ធ្វើឡើងនាព្រឹកថ្ងៃ៥ កុម្ភៈ ក្នុងកិច្ចប្រជុំណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌នាថ្ងៃ៥ កុម្ភៈ។
ក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធបានណែនាំ Love Riya បញ្ឈប់សកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
ក្រោយស្តាប់ណែនាំរួច Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិត មេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ និងយល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីនៅតែបន្តសកម្មភាពទាំងនេះនាពេលខាងមុខ។ សាមីខ្លួនក៏បានសន្យាផងដែរថា នឹងរៀបចំ ជាវីដេអូឃ្លីបសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសដែលបានប្រព្រឹត្តខុសឆ្គង និងសន្យាមិនធ្វើ សកម្មភាពបែបនេះទៀតទេ។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ បន្តអំពាវនាវផងដែរដល់គ្រប់មជ្ឈដ្ឋានទាំងអស់ចៀសវាង នូវសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់ដល់តម្លៃសិល្បៈវប្បធម៌ ប្រពៃណី មរតកដ៏មានតម្លៃ និងជាអត្តសញ្ញាណជាតិនិងប្រជាជន និងសូមចូលរួមទាំងអស់គ្នា ក្នុងកិច្ចការថែរក្សា ការពារ និងលើក តម្កើងវប្បធម៌ជាតិឱ្យបានគង់វង្ស រុងរឿងតទៅមុខ៕