ព័ត៌មានអន្តរជាតិ

លោក Zelensky និយាយថា គាត់បានត្រៀមរួចជាស្រេច ក្នុងការពិភាក្សា ជាមួយនឹងលោក Putin

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានបង្ហាញអំពីការត្រៀមខ្លួន ដើម្បីចរចា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រួចរាល់ហើយ ប្រសិនបើវាជាជម្រើសតែមួយគត់ ដើម្បីនាំជម្លោះអ៊ុយក្រែន ដល់ទីបញ្ចប់។

មេដឹកនាំអ៊ុយក្រែនរូបនេះ ​បាន​ធ្វើ​ការ​កត់​សម្គាល់​អំឡុង ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​កាសែត​អង់គ្លេស Piers Morgan ដោយ​មាន​ការ​ដក​ស្រង់​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារដោយ នៅ​ពេល​សួរ​ថា​តើ​លោក​បាន​ត្រៀម​ខ្លួន​ ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ទេ លោក Zelensky បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​លោក​ក្នុង​ការ​ធ្វើ​ដូច្នេះ ។

លោកបានបញ្ជាក់បែបនេះថា ៖ប្រសិនបើជាការរៀបចំតែមួយគត់ ដែលយើងអាចនាំមកនូវសន្តិភាពដល់ពលរដ្ឋអ៊ុយក្រែន ហើយមិនបាត់បង់អាយុ ជីវិតប្រជាជន ប្រាកដណាស់យើងនឹងទៅរៀបចំនេះ សម្រាប់កិច្ចប្រជុំនេះ។

យ៉ាងណាក្តីគេសង្កេតឃើញថាការ​លើក​ឡើង​នេះ ​ហាក់​ដូច​ជា​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​ជាក់ស្តែង​ក្នុង​គោល​ជំហរ​របស់ Zelenskyពីព្រោះថា លោកធ្លាប់បានបដិសេធម្តងហើយម្តងទៀត ក្នុងការចរចាជាមួយលោក Putin កាលពីអតីតកាល ហើយថែមទាំងបានចុះហត្ថលេខា លើក្រឹត្យមួយហាមឃាត់ការចរចាណាមួយជាមួយទីក្រុងមូស្គូ និងលោកប្រធានាធិបតីរុស្សី ជាពិសេសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top