បរទេស៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានព្រមានថា ក្រុងតេអេរ៉ង់នឹងឆ្លើយតបជាមួយនឹងវិធានការសងសឹក ចំពោះទង្វើអរិភាពណាមួយ របស់សហរដ្ឋអាមេរិក ។ លោកក៏បានច្រានចោលគំនិត នៃកិច្ចពិភាក្សាជាមួយ ទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយនិយាយថា វានឹងមិនមាន «ទាំងប្រាជ្ញា ឆ្លាតវៃ ឬកិត្តិយស»។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ឱ្យដំណើរការឡើងវិញនូវគោលនយោបាយ “សម្ពាធអតិបរមា” ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការវិលត្រឡប់ មកកាន់តំណែងវិញ ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា កំពុងស្វែងរកការអភិវឌ្ឍ គ្រាប់បែកនុយក្លេអ៊ែរ។
កាលពីថ្ងៃអង្គារវក្រុងវ៉ាស៊ីនតោនបាន ប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំង នឹងឧស្សាហកម្មប្រេងរបស់ក្រុងតេអេរ៉ង់ ដោយកំណត់គោលដៅលើបណ្តាញអន្តរជាតិ ដែលជួយសម្រួលដល់ការ បញ្ជូនប្រេងអ៊ីរ៉ង់ទៅប្រទេសចិន។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយបុគ្គលិកទ័ពអាកាសអ៊ីរ៉ង់នៅទីក្រុង តេហេរ៉ង់ កាលពីថ្ងៃសុក្រ លោក Khamenei បានទទូចថា “អាមេរិកអង្គុយនិងគូរផែនទីពិភពលោកឡើងវិញនៅលើក្រដាស ប៉ុន្តែវាគឺនៅលើក្រដាសតែប៉ុណ្ណោះ ដោយគ្មានមូលដ្ឋាននៅក្នុងការពិតឡើយ” ។
លោកបន្ត “ពួកគេធ្វើសេចក្តីថ្លែងការណ៍អំពីពួកយើង បញ្ចេញមតិ និងចេញការគំរាមកំហែង។ បើគេគំរាមយើង យើងនឹងគំរាមគេវិញ។ ប្រសិនបើពួកគេធ្វើសកម្មភាពលើការគំរាមកំហែងទាំងនោះ យើងនឹងធ្វើដូចគ្នា។ ប្រសិនបើពួកគេធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់យើង យើងនឹងឆ្លើយតបដូចគ្នា»៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)