ព័ត៌មានអន្តរជាតិ

លោក​ ត្រាំ​ ប្តេជ្ញាចិត្តអនុវត្ត “បដិវត្តន៍” នៃផែនការកាន់កាប់តំបន់ហ្គាហ្សា

Xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល កំពុងពិភាក្សាអំពី “ទស្សនៈវិស័យបដិវត្តន៍ និងច្នៃប្រឌិត” របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលលោក ត្រាំ ប្តេជ្ញាអនុវត្តយ៉ាងមុតមាំ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាប់ពី ការវិលត្រឡប់របស់លោកពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់ប្រទេសអ៊ីស្រាអែលវិញថា ផែនការរបស់លោក ត្រាំ “បើកលទ្ធភាពជាច្រើនសម្រាប់ពួកយើង” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ ។

លោកបានលើកឡើងថា “រយៈពេលពេញមួយឆ្នាំ យើងត្រូវបានគេប្រាប់ថា នៅថ្ងៃបន្ទាប់នៅហ្គាហ្សា ត្រូវតែមានការចូលរួមពី PLO (អង្គការរំដោះប៉ាឡេស្ទីន) អាជ្ញាធរប៉ាឡេស្ទីន ហើយលោកប្រធានាធិបតី ត្រាំ បានបង្ហាញនូវចក្ខុវិស័យខុសគ្នាទាំងស្រុង ដែលជាអ្វីដែលប្រសើរជាងសម្រាប់រដ្ឋអ៊ីស្រាអែល។

យោងតាមសេចក្តីថ្លែងការណ៍នោះ លោក ណេតាន់យ៉ាហ៊ូ និងលោក ត្រាំ បានព្រមព្រៀងគ្នាលើការសម្រេចបាន នូវគោលបំណងសង្រ្គាមរបស់អ៊ីស្រាអែលទាំងអស់ រួមទាំងការលុបបំបាត់ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ ដោយធានាឱ្យតំបន់តំបន់ហ្គាហ្សា លែងបង្កការគំរាមកំហែងដល់អ៊ីស្រាអែល និងការបញ្ជូនអ្នកស្រុកអ៊ីស្រាអែល ដែលផ្លាស់ទីលំនៅមកវិញ។

លោក ណេតាន់យ៉ាហ៊ូ បន្ថែមថា គោលបំណងសង្គ្រាមមួយទៀតរបស់អ៊ីស្រាអែល គឺដើម្បីទប់ស្កាត់អ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងវ៉ាស៊ីនតោនជាមួយលោក ណេតាន់យ៉ាហ៊ូ លោក ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកគ្រោងនឹង “គ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប” ផ្លាស់ទីប្រជាជនប៉ាឡេស្ទីនទៅកាន់ប្រទេសជិតខាង និងអភិវឌ្ឍតំបន់ឆ្នេរមួយនេះឡើងវិញ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top