ព័ត៌មានជាតិ

ខេត្តប៉ៃលិន ជាគោលដៅទី៦ នៃសិក្ខាសាលា តាមបណ្ដាខេត្ត ឆ្នាំ២០១៩

ប៉ៃលិន ៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ បានចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្ត នៅខេត្តប៉ៃលិន ក្រោមប្រធានបទ “អ្វីជាការជួញដូរឧបករណ៍ និស្សន្ទ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?” ការចូលរួមលើកនេះ គឺជាលើកទី៦ក្នុងឆ្នាំ២០១៩ និងជាលើកទី១១ បើគិតចាប់ពីការកើតឡើង នៃសិក្ខាសាលា តាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨។

គោលបំណងសំខាន់ នៃការចូលរួម គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ សម្រាប់ការវិនិយោគដល់សាធារណៈជន នៅគ្រប់ខេត្តក្រុងទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្ត នៃរដ្ឋបាលខេត្តប៉ៃលិន បានផ្ដល់កិត្តិយសផ្ដល់មតិស្វាគមន៍ ជូនដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការ ក្រេបយកចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មី ពាក់ព័ន្ធនឹងទីផ្សារហិរញ្ញវត្ថុ មួយនេះ។ ម៉្យាងទៀត លោកបានលើកទឹកចិត្តឲ្យអង្គសិក្ខាកាម ទាំងអស់ធ្វើការស្វែងយល់បន្ថែម លើទីផ្សារឧបករណ៍និស្សន្ទមុននឹង សម្រេចចិត្តវិនិយោគលើទីផ្សារមួយនេះ ក្នុងគោលបំណងបញ្ចៀសនូវហានិភ័យធំៗ ទាំងឡាយ។

ក្នុងឱកាសនោះដែរ លោកបានលើកឡើង អំពីហានិភ័យធំៗចំនួន២ គឺ ហានិភ័យស្របច្បាប់ ដែលតម្រូវឲ្យវិនិយោគិនធ្វើការស្វែងយល់ ពាក់ព័ន្ធលើការវិនិយោគ ជាមួយនឹង ក្រុមហ៊ុនស្របច្បាប់ ដែលទទួលបាន អាជ្ញាបណ្ណ និងការអនុញ្ញាតពីគណៈកម្មាការមូលបត្រកម្ពុជា ក៏ដូចជាហានិភ័យលើការវិនិយោគ ដែលតម្រូវឲ្យវិនិយោគិន ធ្វើការជ្រើស យកអ្នកជំនាញ ប្រឹក្សាយោបល់ ដែលប្រកប ដោយវិជ្ជាជីវៈ ព្រមទាំងបទពិសោធ ន៍ច្បាស់លាស់ និងអាចជឿទុកចិត្ត បានផងដែរ។

ជាមួយគ្នានោះ លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យ អន្តរការី មូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់មតិបើកកម្មវិធី សិក្ខាសាលាតាមបណ្ដាខេត្ត ឆ្នាំ២០១៩ នៅខេត្តប៉ៃលិននេះ ហើយបានបញ្ជាក់ពី ទិសដៅរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ នៅកម្ពុជា។ លោក ក៏បានលើកទឹកចិត្តឱ្យ វិនិយោគិនបង្កើន ចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ការ វិនិយោគលើឧបករណ៍និស្សន្ទ ស្របពេលដែលកិច្ចខិតខំប្រឹងប្រែង ការពារវិនិយោគិន កំពុងបន្តយ៉ាងសកម្ម។

លោក បុល្លិកា បានបញ្ជាក់ថា “បទប្បញ្ញាត្តិពាក់ព័ន្ធផ្សេងៗ ត្រូវបានដាក់ឱ្យអនុម័តជាបន្តបន្ទាប់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ ប្រសិទ្ធភាព និងតម្លាភាពនៅក្នុងទីផ្សារ។ ក្នុងនាមជាអាជ្ញធរ ក៏មិនអាចភ្លេចទេពីការការពារវិនិយោគិន។ យន្តការនៃការការពារវិនិយោគិនមួយដ៏សំខាន់ ក្នុងចំណោមយន្តការដែលមាននោះ គឺការរក្សាសុវត្ថិភាពសាច់ប្រាក់”។

ក្នុងនាមជាវាគ្មិនកិត្តិយស លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញ ដើម្បីឱ្យសិក្ខាកាម ងាយយល់ និងទទួលបានចំណេះដឹងអំពីការវិនិយោគលើ ផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់និងការកាត់ បន្ថយហានិភ័យ ពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយក ផលគាប់ ប្រសើរពីការវិនិយោគ។ ក្រោមការដឹកនាំរបស់ គណៈកម្មការមូលបត្រកម្ពុជា លោក សំណាង ក៏បានបង្ហាញពីការប្ដេជ្ញា របស់ក្រុមហ៊ុនក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍ និស្សន្ទនៅកម្ពុជាឱ្យល្អប្រសើរ ដូចប្រទេសរីកចម្រើន ផ្សេងទៀតផងដែរ ។

គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១៨ មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរ និងចែករំលែក ចំណេះជំនាញ វិនិយោគដល់សាធារណៈជន នៅគ្រប់ខេត្តក្រុងទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រសិនបើលោកអ្នកចង់ដឹង ព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួម សិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនង មកក្រុមហ៊ុន យើងខ្ញុំតាមរយៈ គេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666 ៕

To Top