ព័ត៌មានជាតិ

កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ នៅតំបន់មួយចំនួន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ១៨-២០កុម្ភៈ នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដី១០%។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ១៨ កុម្ភៈ បានឲ្យដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងមកលើកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់វាលទំនាប ចាប់ពីថ្ងៃទី១៨-២០ កុម្ភៈ សីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង កំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង កណ្តាល និងតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដី១០% ។

ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ និង ប៉ៃលិន អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។ ក្នុងនោះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕

To Top