បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្សី លោក Vladimir Putin បាននិយាយនៅឯវេទិកាបច្ចេកវិទ្យា អនាគតនៅទីក្រុង មូស្គូកាលពីថ្ងៃសុក្រថា ទណ្ឌកម្មរបស់លោកខាងលិច បានជំរុញដោយអចេតនាដល់វិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់រុស្ស៊ី កាន់តែរីកចម្រើននិងរឹងម៉ាំឡើង ។
ក្នុងនោះផងដែរលោកក៏បានបន្ថែមដែរថា ការវិលត្រឡប់ ដ៏មានសក្តានុពលរបស់ក្រុមហ៊ុនលោកខាងលិច មកកាន់ប្រទេសនេះ ត្រូវតែគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ដើម្បីការពារក្រុមហ៊ុន ក្នុងស្រុកនៅពេលនេះ ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់សញ្ញា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា ការដាក់ទណ្ឌកម្ម របស់លោកខាងលិច អាចនឹងត្រូវ បានបន្ធូរបន្ថយ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ត្រូវបានឈានដល់ការព្រមព្រៀងគ្នា ហើយនេះបានលើកឡើង ពីលទ្ធភាព នៃការត្រឡប់មកវិញ នៃក្រុមហ៊ុន ដែលបានចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែការដាក់ទណ្ឌកម្ម កាលពីប៉ុន្មានឆ្នាំចុងក្រោយ ។
លោក Putin បាននិយាយថា៖ទណ្ឌកម្ម ទោះបីជាមានបញ្ហាប្រឈម និងការលំបាកទាំងអស់ក៏ដោយ បានដើរតួយ៉ាងសំខាន់ និងជំរុញទឹកចិត្ត។ លោកបានបន្ថែមថា ការរឹតបន្តឹង បានជំរុញឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងអាជីវកម្មក្នុងស្រុក និងវិទ្យាសាស្ត្រ។ ឥឡូវនេះក្រុមហ៊ុនរុស្ស៊ី កំពុងងាកទៅរកអ្នកវិទ្យាសាស្ត្រ ក្នុងស្រុក និងទទួលបានដំណោះស្រាយដែលពួកគេត្រូវការហើយដំណោះស្រាយក្នុងស្រុកច្រើនតែមានប្រសិទ្ធភាពជាងជម្រើសបរទេសផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
