ព័ត៌មានអន្តរជាតិ

ចិនព្រមានថា សំណើរបស់អាមេរិក ក្នុងការយកថ្លៃកំពង់ផែលើកប៉ាល់ចិន អាចនឹងមានផលប៉ះពាល់ត្រលប់មកវិញ

xinhua

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឲ្យដឹងថា ការគិតថ្លៃលើកប៉ាល់របស់ចិន ដែលចូលមកកំពង់ផែសហរដ្ឋអាមេរិក នឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងាររបស់សហរដ្ឋអាមេរិក។

លោក He Yadong អ្នក​នាំពាក្យ​ក្រសួង​បាន​ធ្វើ​ការ​កត់​សម្គាល់​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ពេល​ ធ្វើ​អត្ថាធិប្បាយ​លើ​សំណើ​របស់​ការិយាល័យ ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក (USTR) ដើម្បី​ដំឡើង​ថ្លៃ​សេវា​នេះ។

លោកបានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិកទទូច លើការដំឡើងថ្លៃកំពង់ផែ វានឹងជំរុញឱ្យថ្លៃដឹកជញ្ជូនសកល និងរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យបានព្រមានថា វិធានការបែបនេះក៏នឹងបង្កើនសម្ពាធអតិផរណា ក្នុងស្រុកនៅក្នុងសហរដ្ឋអាមេរិក ធ្វើឱ្យការប្រកួតប្រជែងជាសកល នៃទំនិញរបស់សហរដ្ឋអាមេរិកចុះខ្សោយ និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវកម្មរបស់សហរដ្ឋអាមេរិកផងដែរ។

ការិយាល័យ USTR កាលពីថ្ងៃទី២១ ខែកុម្ភៈ បានប្រកាសថា ខ្លួនកំពុងស្វែងរកការអត្ថាធិប្បាយ ជាសាធារណៈលើសកម្មភាពដែលបានស្នើឡើង នៅក្នុងការស៊ើបអង្កេតផ្នែកទី៣០១ លើផ្នែកដែនសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់របស់ប្រទេសចិន រួមទាំងការដាក់ថ្លៃកំពង់ផែផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top