ព័ត៌មានអន្តរជាតិ

លោក Macron ៖ ប្រទេសរុស្សី ដាច់ខាតត្រូវតែ ទទួលយកបទឈប់បាញ់គ្នា ជាមួយនឹងអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ទីក្រុងមូស្គូ ត្រូវតែទទួលយកកិច្ចព្រមព្រៀង ឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក និងបញ្ឈប់ការធ្វើសេចក្តីថ្លែងការណ៍ ពន្យារពេលតទៅទៀត ។

រដ្ឋាភិបាលទីក្រុងគៀវ ​បាន​យល់ព្រម​លើ​បទ​ឈប់​បាញ់ ​រយៈពេល​មួយ​ខែ​ក្នុង​ជម្លោះ​អ៊ុយក្រែន ​បន្ទាប់​ពី​មាន​កិច្ចចរចា ​ជាមួយ​អាមេរិក​នៅ​អារ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​អង្គារ ។

ប៉ុន្តែយ៉ាងណាក្តីក្រោយមក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបន្តការចែករំលែកព័ត៌មាន សម្ងាត់ជាមួយអ៊ុយក្រែន និងការដឹកជញ្ជូនអាវុធ ទៅកាន់ប្រទេសនេះឡើងវិញផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះគឺ គ្មានប្រទេសជា សមាជិកសហភាព អឺរ៉ុបណាត្រូវបានតំណាងនៅក្នុងការចរចានោះទេ។

ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបទឈប់បាញ់ ប៉ុន្តែលក្ខខណ្ឌចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់លាស់ ដើម្បីធានាថាវានាំទៅរកសន្តិភាពស្ថិរភាព និងអចិន្ត្រៃយ៍។

គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងលោក Vladimir Zelensky របស់អ៊ុយក្រែន លោក Macron បានទាមទារឱ្យទីក្រុងម៉ូស្គូ ទទួលយកកិច្ចព្រមព្រៀង ដែលបានស្នើឡើងនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top