ព័ត៌មានអន្តរជាតិ

តំបន់ហ្គាហ្សា ប្រឈមមុខនឹងមហន្តរាយមនុស្សធម៌ នៅពេលដែលការបិទផ្លូវរបស់អ៊ីស្រាអែល នៅតែបន្ត

AFP

ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែល គ្រប់គ្រងដោយក្រុមហាម៉ាស់បានព្រមានថា តំបន់ហ្គាហ្សាស្ទ្រីប កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ ខណៈដែលការបិទផ្លូវដ៏តឹងរ៉ឹងរបស់អ៊ីស្រាអែល បានឈានចូលដល់ថ្ងៃទី១៦ ជាប់ៗគ្នា ដោយរារាំងជំនួយសំខាន់ៗ មិនឱ្យទៅដល់ប្រជាជនក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការបិទផ្លូវរបស់អ៊ីស្រាអែល “បាននាំឱ្យមានមហន្តរាយនៃស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប” ដោយ ៨០ ភាគរយនៃចំនួនប្រជាជន បាត់បង់លទ្ធភាពទទួលបានប្រភពស្បៀងអាហារ ដោយសារតែការផ្អាកការផ្តល់ជំនួយ។

វិបត្តិនេះបានបង្ខំឱ្យហាងនំប៉័ងចំនួន ២៥ ភាគរយត្រូវបិទទ្វារចំពេលមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយមានការបិទបន្ថែមទៀត ដែលរំពឹងទុកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ កង្វះប្រេងឥន្ធនៈក៏បានរំខានដល់ប្រតិបត្តិការអណ្តូងទឹក និងរោងចក្រចម្រោះទឹកផងដែរ ដែលធ្វើឱ្យប្រជាជន ៩០ ភាគរយនៃតំបន់ហ្គាហ្សាមិនមានលទ្ធភាព ទទួលបានទឹកស្អាតប្រកបដោយនិរន្តរភាព។

វិស័យសុខាភិបាលក៏ស្ថិតក្នុងដំណាក់កាលដួលរលំផងដែរ ដោយកង្វះខាតការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរធ្វើឱ្យមនុស្សឈឺ និងរបួសប្រមាណ ១៥០,០០០ នាក់កាន់តែអាក្រក់ទៅៗ។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ករណីកង្វះអាហារូបត្ថម្ភ និងភាពស្លេកស្លាំងកំពុងកើនឡើង ជាពិសេសក្នុងចំណោមកុមារ និងមនុស្សចាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ជាបន្ទាន់ ដោយទាមទារឱ្យមានការបង្កើនសម្ពាធលើអ៊ីស្រាអែល ដើម្បីអនុញ្ញាតឱ្យមានការចូលជាបន្ទាន់នូវជំនួយមនុស្សធម៌ និងដកការរឹតបន្តឹងលើតំបន់ហ្គាហ្សា។ សេចក្ដីថ្លែងការណ៍ក៏បានជំរុញឱ្យបណ្ដាប្រទេសអារ៉ាប់ និងឥស្លាមបំពេញការប្តេជ្ញាចិត្តរបស់ពួកគេ ដោយធ្វើការដើម្បីបញ្ចប់ការបិទផ្លូវ ការបើកច្រកឆ្លងកាត់សម្រាប់ការផ្គត់ផ្គង់ជំនួយ និងធ្វើឱ្យអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះលទ្ធផលផ្លូវច្បាប់ និងមនុស្សធម៌នៃសកម្មភាពរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top