ព័ត៌មានអន្តរជាតិ

ចិនប្រាប់ អាមេរិក ឱ្យឈប់ បន្ទោសខ្លួន រឿងវីរុសឆ្លង ហើយថា ខ្លួនមិនមែនជាពិរុទ្ធជន និងថែមទាំង ជាជនរងគ្រោះ ដូចគ្នាដែរ

បរទេស៖ ប្រទេសចិនកាលពីថ្ងៃចន្ទ បានអំពាវនាវ ឲ្យ សហរដ្ឋអាមេរិក បញ្ឈប់ការស្តីបន្ទោសចំពោះការឆ្លងរាលដាលនៃវីរុសនេះដោយនិយាយថា ខ្លួនក៏ជាជនរងគ្រោះផងដែរ នៅពេលដែលសម្ពាធអន្តរជាតិ កើនឡើងលើទីក្រុងប៉េកាំងជុំវិញការដោះស្រាយ វិបត្តិរបស់ខ្លួន។

យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើករបស់អ្នកនាំពាក្យក្រ សួងការបរទេសចិនលោក Geng Shuangថា សហគមន៍ពិភពលោកគួរតែធ្វើការជាមួយគ្នា ជំនួសឱ្យការស្តីបន្ទោសឬទាមទារសំណង។

លោក Geng បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា “សហគមន៍អន្តរជាតិអាចយកឈ្នះវីរុសបាន លុះត្រាតែវាអាចរក្សាសាមគ្គីភាពនិងសហការគ្នាដើម្បីធ្វើការរួមគ្នា” ។ ការវាយប្រហារនិងការធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសដទៃ គ្រាន់តែចំណាយពេលវេលានិងមិនអាចជួយសង្គ្រោះជីវិតបាត់បង់ បានឡើយ។

លោកបានបន្ថែមថា ប្រជាជនអាមេរិកគួរតែយល់ថាសត្រូវរបស់ពួកគេគឺជាវីរុសមិនមែនចិនទេ។

ប្រទេសចិនត្រូវបានវាយប្រហារដោយវីរុសហើយក៏ជាជនរងគ្រោះនៃវីរុសដែរ។ យើងមិនមែនជាពិរុទ្ធជននិងអ្នកសមគំនិតនៃវីរុសនេះទេ” ។

ការកត់សម្គាល់របស់លោក Geng អ្នកនាំពាក្យក្រសួងការបរទេសចិននេះ បានកើតឡើងចំពេលមានការអំពាវនាវឱ្យស៊ើបអង្កេតការដោះស្រាយរបស់ក្រុងប៉េកាំងចំពោះការផ្ទុះឡើងនៅទីក្រុង វូហាន ភាគកណ្តាលប្រទេសចិនដែលករណីដំបូងនៃវីរុសថ្មីផ្ទុះឡើងដែលបានសម្លាប់មនុស្សជាង ១៦៥,០០០ នាក់ និងឆ្លងជាង ២,៤ លាននាក់នៅទូទាំងពិភពលោក ត្រូវបានរាយការណ៍តាំងពីនៅក្នុងខែធ្នូ។

ក្រោយមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រាប់ក្រុមអ្នកជំនាញរោគឆ្លងវីរុសកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងនិយាយជាមួយប្រទេសចិនអំពីការបញ្ជូនក្រុមជំនាញទៅប្រទេសដើម្បីស៊ើបអង្កេត៕ប្រែសម្រួលៈ ណៃ តុលា

To Top