ព័ត៌មានជាតិ

កម្ពុជា នឹងឱ្យឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីខ្មែរ២រូប ដឹកនាំចរចាជាមួយអាមេរិក ជុំវិញការតម្លើងពន្ធនាំចូល

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានត្រៀម បញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំកិច្ចចរចារ ជាមួយសហរដ្ឋអាមេរិក ជុំវិញការតម្លើងពន្ធនាំចូល ដែលអាមេរិក ដាក់ចេញជាមួយកម្ពុជា នាពេលថ្មីៗនេះ ។

ការប្រកាសត្រៀមមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ចូលរួមចរចា ជាមួយសហរដ្ឋអាមេរិកខាងលើនេះ ធ្វើឡើងបន្ទាប់ពី នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នៅកម្ពុជា ផ្ទុះការភ្ញាក់ផ្អើល ជុំវិញការធ្វើស​ន្និសីទ ស្តីពីការបញ្ជាក់ការឆ្លើយតប របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លើការតម្លើងពន្ធជាសកល ប្រមាណ៦០ប្រទេស ជុំវិញពិភពលោក ដែលលោកត្រាំ ហៅថា “ទិវារំដោះ” ក្នុងនោះក៏មានកម្ពុជាផងដែរ ត្រូវបានកំណត់ពន្ធនាំចូល ៤៩% បន្ទាប់ពីរដ្ឋបាលលោក ដូលណា ត្រាំ រកឃើញថា គម្លាតរវាងការនាំទំនិញពីកម្ពុជា ចូលទៅកាន់សហរដ្ឋអាមេរិក មានគម្លាតឱនភាពពាណិជ្ជកម្ម រហូតទៅដល់ ៩៧% ។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិត នៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសឡើងការតម្លើងពន្ធគយ រដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំដោះស្រាយភ្លាមៗជាជំហ៊ាន នៅក្នុងជួររដ្ឋាភិបាល មុននឹងបញ្ជូនលិខិតមួយ ចំពោះមុខ ទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ។

បញ្ជាក់ឡើងវិញ សម្តេចធិបតី បានថ្លែងថា កម្ពុជា មិនដែលដាក់ពន្ធនាំចូល របស់សហរដ្ឋអាមេរិក រហូតដល់៩៧%នោះទេ ផ្ទុយទៅវិញ ពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិក កម្ពុជា ខ្ពស់បំផុតត្រឹម៣៥% ខណៈដែលជាមធ្យម មានត្រឹម២៩.៤% ប៉ុណ្ណោះ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់រយៈពេល៤១ម៉ោង និងដាក់ផែនការអនុវត្តត្រឹម ៣៧ម៉ោង ដើម្បីបញ្ចប់កិច្ចការចំពោះមុខ ដោយបានផ្ញើលិខិតមួយទៅរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្ទុយពីការលើកឡើង របស់ក្រុមប្រឆាំងមួយចំនួន ដែលចោទរដ្ឋាភិបាលកម្ពុជា មិនមានចំណាត់ការភ្លាមៗ លើបញ្ហាខាងលើនេះ ខណៈដែលសម្តេចធិបតីថា កិច្ចការខ្លះ មិនចាំបាច់បង្ហោះផ្សព្វផ្សាយនោះទេ តែត្រូវអនុវត្តភ្លាមៗទៅតែម្តង ។

ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានរៀបចំក្រុមការងារ ជាជំហ៊ាន២រួចទៅហើយ​ ដោយត្រៀមលក្ខណៈប្រគល់ភារកិច្ច ឱ្យក្រុមការងារមួ​យ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ជាឧបនាយករដ្ឋមន្ត្រី និងលោកស្រី ចម និម្មល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បើចាំបាច់ត្រៀមចេញដំណើរ ទៅសហរដ្ឋអាមេរិក ធ្វើការចរចា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “កម្ពុជា ត្រៀមឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដើម្បីដឹកនាំចរចារនេះ ព្រោះវាជាសារសំខាន់ ថាជាការឱ្យតម្លៃខ្ពស់ នៅក្នុងការចរចារ ដើម្បីផលប្រយោជន៍ជាតិ ។ ការចាត់តាំងមន្ត្រីចូលចរចារ គឺស្មើនឹងការឱ្យតម្លៃ​ ថាតើសំខាន់ប៉ុណ្ណា បើយើងមិនឱ្យតម្លៃ យើងត្រឹមចាត់តាំង ប្រធានយកដ្ឋានមួយក៏បានដែរ ឬមួយអនុរដ្ឋលេខាធិការ ឬរដ្ឋលេខាធិការ តែនេះយើងចាត់ដល់ឧបនាយករដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាល ក្រៅពីនាយករដ្ឋមន្ត្រី​ អស់ពីណាធំជាងឧបនាយករដ្ឋមន្ត្រីហើយ” ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានឆ្លើយតប ទៅនឹងក្រុមប្រឆាំងមួយចំនួន ដែលតាំងខ្លួនធ្វើជាអ្នកចេះ បើជ្រុលជាមើល ងាយសមត្ថភាព របស់សម្តេចទៅហើយ សូមឱ្យចំណាំ ច្បាស់ជាងសម្តេចផង ។ ក្នុងន័យនេះ សម្តេចធិបតី បានសង្កេតឃើញថា អ្នករិះគន់​សម្តេច និងតាំងខ្លួនជាបណ្ឌិតសេដ្ឋកិច្ច ប៉ុន្តែបានប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត Ai ដើម្បីរៀបចំផែនការឱ្យទៅវិញ៕

To Top