ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក​ បញ្ជាក់ជាថ្មីនូវកិច្ចប្រឹងប្រែង​ សម្រាប់កិច្ចព្រមព្រៀងចែក រំលែកចំណាយយោធា ដោយយុត្តិធម៌​

សេអ៊ូល៖​ កូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិកបានអំពាវនាវដើម្បីទទួលបានកិច្ចព្រមព្រៀងប្រកបដោយភាពយុត្តិធម៌​ និងអាចទទួលយកបានពីការចរចាតម្លៃការពារជាតិរបស់ពួកគេ​ នៅពេលការចរចានៅតែជាប់គាំងចាប់តាំងពីប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានបដិសេធសំណើរបស់ទីក្រុងសេអ៊ូល​ ក្នុងការបង្កើនការចូលរួមចំណែករបស់ខ្លួន​ ដែលមិនគ្រប់គ្រាន់។

បញ្ហាចំណាយការពារជាតិ​ គឺជាផ្នែកមួយនៃរបៀបវារៈសម្រាប់កិច្ចប្រជុំអាមេរិក-កូរ៉េលើកទី១៧ ហៅថាកិច្ចពិភាក្សាការពារជាតិចម្រុះ (KIDD) ដែលប្រទេសទាំងពីរបានធ្វើតាមរយៈខ្សែវីដេអូរួមជាមួយបញ្ហាកូរ៉េខាងជើង​ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩។ 

 កិច្ចប្រជុំនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក​ ត្រាំ បានលេីកឡេីងពីការបដិសេធការផ្តល់ជូនរបស់ទីក្រុងសេអ៊ូល​ នៅក្នុងការចរចារដើម្បីធ្វើកិច្ចព្រមព្រៀង​ ស្តីពីការចែករំលែកចំណាយថ្មី​ ដែលគេហៅថាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ក្នុងនោះប្រទេសកូរ៉េខាងត្បូង​ បានរាយការណ៍ថាខ្លួនបានស្នើសុំបង្កើនចំណែករបស់ខ្លួនចំនួន ១៣ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន៕ដោយ​ ឈូក​ បូរ៉ា

To Top