ព័ត៌មានជាតិ

គិតត្រឹម ម៉ោង១១ព្រឹក ថ្ងៃទី២៤ មេសា មានកម្មករមក ត្រួតពិនិត្យសុខភាព ចំនួន៥៤២នាក់ និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅផ្ទះ១៤ថ្ងៃ ចំនួន៥៣៩នាក់

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មានកម្មកររោងចក្រមក ត្រួតពិនិត្យសុខភាព ចំនួន៥៤២នាក់ ក្នុងនោះ ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៥៣៩នាក់ ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ នៅថ្ងៃទី២៤ មេសា នេះ បានរំលឹកថា លទ្ធផលនៃការត្រួតពិនិត្យសុខភាពកម្មកររោងចក្រ កាលពីថ្ងៃទី២៣ មេសា មានកម្មកររោង ចក្រមកត្រួតពិនិត្យសុខភាព ចំនួន៩៨៣នាក់ ក្នុងនោះ ដាក់ឲ្យធ្វើចត្តាឡីស័ក នៅផ្ទះ១៤ថ្ងៃ ចំនួន ៩២២នាក់ ដាក់ឲ្យនៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៤០នាក់ ដាក់ឲ្យនៅមណ្ឌល ចត្តាឡីស័កកម្រិត២ ចំនួន២១នាក់ ព្រមទាំងបានយកសំណាកទៅពិសោធបន្ត ចំនួន១៨នាក់ ។ 

ទន្ទឹមនឹងនេះ ក្រសួងការងារ បញ្ជាក់ថា  ក្រុមគ្រូពេទ្យ បានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក នៅផ្ទះ ចំនួន១៣នាក់ ក្នុងនោះ ចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៦នាក់ និងកម្រិត២ ចំនួន៧នាក់។

ក្រសួងការងារ ថា «ដោយឡែកលទ្ធផល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង១១ព្រឹក មានកម្មកររោង ចក្រមកត្រួតពិនិត្យសុខភាព ចំនួន៥៤២នាក់ ក្នុងនោះ ដាក់ឲ្យធ្វើចត្តាឡីស័ក នៅផ្ទះ១៤ ចំនួន៥៣៩នាក់ ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ចំនួន០០នាក់ និង ដាក់ឲ្យស្នាក់ នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន៣នាក់»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ក្រសួងសុខាភិបាល បានព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅកម្ពុជា ជាសះស្បើយសរុបចំនួន ១១០នាក់។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ សរុបចំនួន១២នាក់ ហើយចំនួនអ្នក ឆ្លងសរុប មាន១២២នាក់៕ ដោយ ៖ អេង ប៊ូឆេង

To Top