ព័ត៌មានជាតិ

លោកប៉ែន បូណា ៖ សីលធម៌ជាមូលដ្ឋានគ្រឹះ ឈានទៅគោរពច្បាប់

ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានលើកឡើងថា សីលធម៌គឺមាន សារៈសម្រាប់ ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ព្រោះបានចាប់កំណើត នៅលើទឹកដីខ្មែរ ដែលមានវប្បធម៌ អរិយធម៌ សុជីវធម៌និងសីលធម៌ ដែលជាមូលដ្ឋានគ្រឹះដើម នៃការឈានទៅការគោរពច្បាប់ និងគោរពសិទ្ធិរបស់អ្នកដទៃ។

ក្នុងកិច្ចពិភាក្សា ស្តីពី «ពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍសង្គម» កាលពីពេលថ្មីៗនេះលោក ប៉ែន បូណា បានមានប្រសាសន៍ថា កូនខ្មែរ គ្រប់រូបមានវិន័យល្អ តាំងពីកើតពីផ្ទៃម្តាយ ហើយត្រូវបានឪពុក-ម្តាយ ប្រៀនប្រដៅ ណែនាំសព្វបែបយ៉ាង ។ បន្ទាប់មកនៅពេលពេលចូល ដល់វ័យសិក្សាមួយកម្រិតទៀត គឺមានលោកគ្រូ-អ្នកគ្រូ ចាំណែនាំតម្រែតម្រង់ផ្លូវទៀតដែលនេះបានសបញ្ជាក់ថា កូនខ្មែរមានវិន័យនិងសីលធម៌ ។ ចំណែកនៅក្នុងសង្គមវិញ មានផ្នែកព្រះពុទ្ធសាសនាសម្រាប់អប់រំ ឲ្យគោរពចាស់ទុំព្រឹទ្ធាចារ្យផងដែរ ។

លោកបន្ថែមថា ចំណុចទាំងអស់នេះហើយ សុទ្ធតែជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់សីលធម៌ ក្នុងការរស់នៅរបស់ជាតិ សាសន៍ខ្មែរទាំងមូល ប៉ុន្តែឯកឧត្តមថា ជាការគួរឲ្យសោកស្តាយទៅវិញ ដោយសារមនុស្សមួយចំនួននាពេលបច្ចុប្បន្ន មិនសូវយកចិត្តទុកដាក់ អនុវត្តតាមនូវសីលធម៌ ដែលនាំឲ្យមានការ ច្រណែនឈ្នាននីស្ត មួលបង្កាច់អ្នកដទៃ ដែលនាំទៅឲ្យមានបញ្ហា រហូតនាំទុក្ខទោស ដល់ខ្លួនឯង ។

លោកបន្តថា “អីចឹងសម្រាប់ខ្ញុំ យល់ឃើញថា សីលធម៌នេះសំខាន់ណាស់ ជាមូលដ្ឋានគ្រឹះ ដើមជាងគេបំផុត ដែលឈានទៅដល់ការគោរពច្បាប់ គោរពសិទ្ធិអ្នកដទៃ ដែលផ្តើមចេញពីសីលធម៌។ កាលណាយើងមានសីលធម៌ល្អហើយ គឺគ្រប់គ្នានឹងជៀសវាង បាននូវបញ្ហាទាំងឡាយ ឈានទៅការគោរពច្បាប់ សិទ្ធិអ្នកដទៃពីព្រោះយើងមានសីលធម៌ នៅក្នុងខ្លួន” ។

ជាមួយគ្នានេះ លោកប៉ែន បូណា សង្កត់ធ្ងន់ថា ដោយសារតែយកការអប់រំ ជាគោលសំខាន់ ទើបក្នុងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការអភិវឌ្ឍមូលដ្ឋាន មនុស្ស ដែលត្រូវមាន ចំណេះជំនាញ យ៉ាងច្បាស់លាស់មួយ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ គឺសីលធម៌នេះ ហើយដែលរាជរដ្ឋាភិបាល ចាត់ទុកមិនអាចខ្វះបាន ៕

To Top