ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល ជាមួយកម្មករ កម្មការនី នៃទិវាពលកម្មអន្ដរជាតិ ១ឧសភា

កំពង់ចាម ៖ ថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការនី ជាង ៦០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ ស្ថិតនៅឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងឱកាសទិវាខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន»។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប៦២៣សហគ្រាស កម្មករ និយោជិតសរុប ៤៧,០៣២នាក់ ក្នុងនោះឧស្សាហកម្ម វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង មានចំនួន ២៧ កន្លែង ក្នុងនោះមានតំបន់ សេដ្ឋកិច្ចពិសេស ចំនួន ១កន្លែង ដោយមានរោងចក្រសហគ្រាសកំពុងដំណើការចំនួន ៨កន្លែង និងមានកម្មករនិយោជិតសរុប ២៥៦៨ នាក់ កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើង ម្នាក់ៗ ទទួលបានប្រាក់ចំណូលជាមធ្យម ២៥៤ ដុល្លារអាមេរិក និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូល ជាមធ្យម ២៣៤ ដុល្លារអាមេរិក បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតជាមធ្យមប្រចាំឆ្នាំវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ប្រមាណជាង ១៤០លានដុល្លារ អាមេរិក ក្នុងមួយឆ្នាំ ដែលបានរួមចំណែកបង្កើន ចំណូលរបស់ប្រជាជន ខេត្តកំពង់ចាមប្រចាំឆ្នាំ (GDP) ក្នុងម្នាក់ៗ ចំនួន ២.៤៧៨ ដុល្លារអាមេរិក។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ លោក លោកស្រីអគ្គនាយក នាយក ឬម្ចាស់រោងចក្រសហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ជាពិសេសផលិត បដាពាក្យស្លោក តាមខ្លឹមសារ សារាចរណែនាំ និងជ្រើសរើសទីតាំងសំខាន់ៗ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ព្រមទាំងចូលរួមផ្សព្វផ្សាយសាលិខិត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកប ដោយចីរភាព និងភាពធន» ដើម្បីរួមចំណែកបង្កើតភាពសុខដុមរមនា រវាងនិយោជក និងកម្មករនិយោជិត៕

To Top