ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន៖ គិតមកដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់ទឹកស្អាតនិងអនាម័យទូទាំង ប្រទេស សម្រេចបាន៩២%

ស្ទឹងត្រែង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំង ប្រទេសសម្រេចបាន ៩២% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត កម្រិតមូលដ្ឋានសម្រេចបាន៨៩% និងការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋាន សម្រេចបាន៩៥% ហើយមានរាជធានី/ខេត្តចំនួន ២១ ដែលសម្រេចបានជារាជធានី/ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ និង កម្រិតធម្មតា (ODF PLUS និង ODF) ដោយក្នុងនោះក៏មាន ខេត្តស្ទឹងត្រែងយើងនេះផងដែរ។

ការឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្នុងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព នៅក្នុងខេត្តស្ទឹងត្រែង
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនេះ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរដ៏ស្មោះ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងសមិទ្ធផលនានានាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងនោះការផ្លាស់ប្តូរ កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ និងការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាត ជួយទ្រទ្រង់សុខភាព ប្រើប្រាស់ បង្គន់អនាម័យត្រឹមត្រូវ មានសុខភាពល្អ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។

លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកប ដោយបរិយាបន្ន និងចីរភាព” តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង៕

To Top