ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារដែន អាកាសរបស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនជិត ១៥០គ្រឿងក្នុងរយៈពេលមួយយប់

RT News

បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយថា ប្រព័ន្ធការពារដែនអាកាស របស់រុស្ស៊ីបានបំផ្លាញ យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនចំនួន ១៤៧ គ្រឿងក្នុងរយៈពេលមួយយប់ រួមទាំងគោលដៅជាច្រើន ដែលសំដៅទៅលើទីក្រុងមូស្គូ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ការស្ទាក់ចាប់បានកើតឡើងនៅទូទាំងតំបន់ជាច្រើន រួមទាំងតំបន់ Belgorod, Kursk, Bryansk, Voronezh, Tver, Lipetsk, Oryol, Tambov, Tula និងតំបន់មូស្គូ។

យោងតាមក្រសួងបានឱ្យដឹងថា ជាសរុបយន្តហោះគ្មានមនុស្សបើកចំនួន ១៩៨ គ្រឿងត្រូវបានស្ទាក់ចាប់នៅចន្លោះម៉ោង ៨ យប់នៅថ្ងៃច័ន្ទ និង ៧ ព្រឹកថ្ងៃអង្គារ។ មន្ត្រីមិនបានផ្តល់ទិន្នន័យណាមួយអំពីការខូចខាតឬរបួសដែលកើតឡើងដោយសារការវាយឆ្មក់នោះទេ។

អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បានបញ្ជាក់ថា រដ្ឋធានីរុស្ស៊ី ត្រូវបានកំណត់គោលដៅដោយយន្តហោះគ្មានមនុស្សបើកពីរគ្រឿង ដែលយន្តហោះទាំងពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ មុនពេលទៅដល់គោលដៅ។ លោកបានបន្ថែមថា សេវាសង្គ្រោះបន្ទាន់កំពុងធ្វើការ នៅកន្លែងដែលបំណែកយន្តហោះដ្រូនបានធ្លាក់។

ការវាយឆ្មក់ដោយយន្តហោះ គ្មានមនុស្សបើកបាននាំឱ្យមានការ ផ្អាកជាបណ្តោះអាសន្ននៅអាកាសយានដ្ឋាន សំខាន់ៗមួយចំនួន រួមទាំងមជ្ឈមណ្ឌលសំខាន់ៗនៅទីក្រុងមូស្គូផងដែរ។ ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ីបាននិយាយថា ជើងហោះហើរនៅអាកាសយានដ្ឋាន Vnukovo, Domodedovo, Zhukovsky, Sheremetyevo, Kaluga, Nizhny Novgorod និងព្រលានយន្តហោះ Tambov ត្រូវបានផ្អាកដោយសារហេតុផលសុវត្ថិភាព ។

ទន្ទឹមនឹងនេះ មន្ត្រីនៅក្នុងតំបន់ Kursk ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន បាននិយាយថា យន្តហោះគ្មានមនុស្សបើកសរុបចំនួន ២១ គ្រឿងត្រូវបានបាញ់ទម្លាក់៕
ប្រែសម្រួលៈ ណៃ តុលា

To Top