បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅរុស្ស៊ី (AmCham) លោក Robert Agee បានប្រាប់ RT ថា អាជីវកម្មអាមេរិកស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Trump ក្នុងការបន្តកិច្ចសន្ទនាជាមួយទីក្រុងមូស្គូ ដោយសង្ឃឹមថាពួកគេអាចត្រឡប់ទៅ ទីផ្សាររុស្ស៊ីវិញ។
AmCham បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Donald Trump ក្នុងការស្តារទំនាក់ទំនងជាមួយរុស្ស៊ី ចាប់តាំងពីគាត់បានចូលកាន់តំណែងក្នុងខែមករា ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន បន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ីអស់រយៈពេលជាច្រើនខែកន្លងមកនេះ។
លោកAgee បានប្រាប់ RT កាលពីថ្ងៃពុធនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិនាទីក្រុង St. Petersburg (SPIEF 2025) ដោយបន្ថែមថា៖៧០ភាគរយ នៃអាជីវកម្មរបស់យើងកាលពី ៤ឆ្នាំមុនបានសម្លឹងមើលប្រទេសរុស្ស៊ីជាទីផ្សារយុទ្ធសាស្រ្តហើយវាជាការប្រសើរជាងក្នុងការមានទំនាក់ទំនងពាណិជ្ជកម្មល្អរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក។
យោងតាមប្រធាន AmCham និងជាប្រធានក្រុមសម្របសម្រួលរុស្សីអាមេរិកផងនោះបានឱ្យដឹងថា ក្រុមហ៊ុនដែលនៅតែមានវត្តមាននៅក្នុងប្រទេសរុស្ស៊ីក្រោយឆ្នាំ២០២២ ទោះបីជាមានការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និងសម្ពាធពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ បានបញ្ចប់ដោយទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលវែង។
ប្រធានាធិបតីរុស្សីលោកPutinបាននិយាយនៅក្រៅកិច្ចប្រជុំ SPIEF ដែរថាអាជីវកម្មអាមេរិកពិតជាបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ទីផ្សាររុស្ស៊ីវិញ។ លោកបានប្រាប់អ្នកកាសែតកាលពីល្ងាចថ្ងៃពុធថាទំនាក់ទំនងរវាងក្រុមហ៊ុនរុស្ស៊ី និងអាមេរិកកំពុងនឹងត្រូវបានបន្តដោយផ្តល់ហេតុផលសម្រាប់សុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នបំផុត៕
ប្រែសម្រួល៖ស៊ុនលី
