សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួង ព្រមទាំងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងពីរ អញ្ជើញទៅពិនិត្យស្ថានផ្លូវរទេះមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួសប្រវែង១ ៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវកូរ៉េវៀង (ចំនុនប្រណិត) តំបន់អង្គរ ចូលទៅកាន់ប្រាសាទបន្ទាយធំ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។


ផ្លូវនេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ ឱ្យបានកាន់តែច្រើនកុះករ តាមរយៈការបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិចូលទៅទស្សនាកម្សាន្ត នៅតំបន់រមណីយដ្ឋាន និងប្រាសាទបុរាណនានា នៅក្នុងតំបន់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយ របស់កម្ពុជា ក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោក ជាច្រើនទៀត៕




