ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់មេទ័ពជប៉ុនថា កម្ពុជាចង់ដោះស្រាយវិវាទព្រំដែនជាមួយថៃ ដោយសន្តិវិធីនិងយន្តការ ICJ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនថា សម្តេចមិននឹកស្មានថា បញ្ហាព្រំដែនកម្ពុជា-ថៃបានរីករាលដាលមកដល់បច្ចុប្បន្ននេះទេ ខណៈសម្តេចចង់ដោះស្រាយដោយសន្តិវិធី និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីជៀសវាងការបង្ហូរឈាមដាក់គ្នា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានរដ្ឋសភា បានឲ្យដឹងក្រោយសម្តេចតេជោបានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ថា សម្តេចមានគោលជំហរច្បាស់លាស់ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី មិនចង់ឃើញមានការផ្ទុះអាវុធដាក់គ្នានោះទេ ។

លោកថា “យ៉ាងណាក៏ដោយចុះ សម្តេចតេជោបានបញ្ជាក់នៅចំពោះមេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុនដោយច្បាស់ថា ជំហររបស់កម្ពុជាគឺការដោះស្រាយបញ្ហាដោយសន្តិវិធី ។ ការដោះស្រាយបញ្ហាដោយសន្តិវិធីនោះគឺតាមរយៈយន្តការនៃការចរចាទ្វេភាគី និងការដោះស្រាយបញ្ហាដោយផ្លូវច្បាប់អន្តរជាតិ ពោលគឺដោះស្រាយដោយយកតុលាការអន្តរជាតិICJ ក្នុងការដោះស្រាយបញ្ហានេះ”។

លោកបន្តថា ជាពិសេសសម្តេចតេជោបានមានប្រសាសន៍អះអាងថា សម្តេចមិននឹកស្មានថា ជម្លោះកើតឡើងលើព្រំដែនកម្ពុជា-ថៃជាថ្មីម្តងកាលពីថ្ងៃ២៨ ឧសភា បន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ន ព្រោះអ្វីដែលសម្តេចចង់បានព្រំដែនជាកិច្ចសហប្រតិបត្តិការ និងមិត្តភាពល្អជាមួយគ្នា។

លោក ជា ធីរិទ្ធបន្ថែមថា ជាការសំណូមពររបស់សម្តេចតេជោទៅមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនវិញ គឺសម្តេចស្នើជប៉ុនជួយជំរុញទៅភាគីថៃដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជាដោះស្រាយដោយសន្តិវិធី និងប្រើច្បាប់អន្តរជាតិ ។

ជាការឆ្លើយតប មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានថ្លែងអំណរគុណសម្តេចតេជោដែលបានរៀបរាប់ពីស្ថានភាពពិតអំពីជម្លោះព្រំដែនជាមួយថៃ ហើយមេទ័ពជប៉ុនក៏បានអះអាងថា ជប៉ុនចង់បានបំផុតចំពោះការដោះស្រាយដោយសន្តិវិធី៕

To Top