ភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទ ដែលអាចនាំចេញទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងធុរេន។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអោយដឹងថា ថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់ សម្រាប់ការនាំចេញផ្លែឈើកម្ពុជា ទៅកាន់ប្រទេសចិន (សូមមើលតំណភ្ជាប់ http://dzs.customs.gov.cn/dzs/2747042/3995819/sg38/3974291/index.html)។

លោកឯកអគ្គរដ្ឋទូត បន្តថា បញ្ជីរាយនាមត្រូវបានបន្ថែម ជាមួយនឹងបញ្ជីឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ សម្រាប់ការនាំចេញទុរេន ស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន នេះមានន័យថា ទុរេនស្រស់របស់កម្ពុជា បានបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបាន ។

លោកគួសបញ្ជាក់ថា នេះជាកសិផល ដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតនាំចេញ ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជាសមិទ្ធផលថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ចិន-កម្ពុជា ផងដែរ៕


