កំណើនសេដ្ឋកិច្ចរបស់វៀតណាម បង្កើនល្បឿនលើសពីការរំពឹងទុក ទោះបីជាមានពន្ធគយពីអាមេរិកក៏ដោយ

បរទេស៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានបង្កើនល្បឿនលើសពីការរំពឹងទុកនៅក្នុងត្រីមាសទី៣ ដោយសកម្មភាពផលិតកម្ម និងអាជីវកម្មបានរុញច្រានសេដ្ឋកិច្ច ប្រឆាំងនឹងការយកពន្ធខ្ពស់របស់អាមេរិក ដែលបានចូលជាធរមាននៅដើមខែសីហា។
យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិក្នុងទីក្រុងហាណូយកាលពីថ្ងៃចន្ទ គឺថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៨,២៣% នៅក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ធៀបនឹងឆ្នាំមុន។ ទាំងនោះគឺលឿនជាងការប៉ាន់ប្រមាណជាមធ្យម ៧,១៥% របស់អ្នកវិភាគដែលត្រូវបានអង្កេតដោយ Bloomberg ។ កំណើននៅត្រីមាសទីពីរត្រូវបានកែសម្រួលរហូតដល់ ៨,១៩% ពីការប៉ាន់ប្រមាណលើកមុន ៧,៩៦%។
យោងតាមការិយាល័យស្ថិតិបានឱ្យដឹងថា ទិន្នផលឧស្សាហកម្មនៅតែជាកត្តាជំរុញដ៏សំខាន់នៃការពង្រីករបស់ប្រទេស ដោយការផលិតបានកើនឡើង ៩,៩២% ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០២៥ ធៀបនឹងឆ្នាំមុន។
លោក Nguyen Thi Huong ប្រធានការិយាល័យស្ថិតិជាតិរបស់វៀតណាម បាននិយាយក្នុងសន្និសីទខ្លីមួយថា វិស័យផលិតកម្មបានកើនឡើងក្នុងរយៈពេល៩ខែដំបូង ខណៈដែលក្រុមហ៊ុនប្រញាប់ប្រញាល់ផលិតមុនពេលកំណត់ពន្ធរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា
