ព័ត៌មានជាតិ

ក្រសួងការងារ និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និង ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ និង ជាហត្ថលេខី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ សន្តិសុខ សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយវត្តមាន ចូលរួមលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ នៅអគារវីងថៅវើ ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលផ្ដោតលើការពង្រឹង ការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា លើកកម្ពស់ ឱកាសការងារ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងជំរុញកិច្ច សហការយ៉ាងមានប្រសិទ្ធភាពរវាងភាគីទាំងពីរ។

ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីកត្តាសុខសន្តិភាព បានផ្ដល់ឱកាសឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានលទ្ធភាពក្នុងការអភិវឌ្ឍរីកចម្រើនទាំងការកសាងធនធានមនុស្ស ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បីធានាបានថា កម្លាំងពលកម្មអាចឆ្លើយតបទៅនឹងបម្រែបម្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលរហូតមកបច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធលើវិស័យ ជាច្រើនចំនួន២២ ក្រុមហ៊ុន ។ អ្នកឧកញ៉ា ក៏បានបង្ហាញពីក្តីរីករាយ ដោយបានចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន រួមទាំងសកម្មភាពជួយការងារសង្គម និងការងារមនុស្សធម៌ជាច្រើន ដើម្បីជួយដល់កម្មករនិយោជិត និងប្រជាជនកម្ពុជា។

នាក្នុងឱកាសនោះដែរ លោក​ ហេង សួរ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តរីកចម្រើន ឥតឈប់ឈររបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ដែលជាក្រុមហ៊ុនវិនិយោគ ជនជាតិខ្មែរដ៏ធំជាងគេមួយចាប់ផ្តើមដំបូងនៅកម្ពុជា រហូតបង្កើតបានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន និងបានផ្តល់ឱកាសការងារជាច្រើន ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងបានចូលរួមទាក់ទាញវិនិយោគទុនថ្មីៗ ជាច្រើនមកកម្ពុជាជាបន្តបន្ទាប់ ហើយក៏មានការនាំមកនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើសារ:សំខាន់ ការរក្សាបាននូវសន្តិភាព គឺជាការរក្សាបាននូវក្តីសង្ឈឹម និងការអភិវឌ្ឍ។ កន្លងមកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសហការ ជាមួយក្រសួងការងារជាបន្តបន្ទាប់ ក្នុងការជួយសម្រួលក្នុងការ ផ្តល់សេវាសាធារណៈរបស់ក្រសួង ការផ្សព្វផ្សាយ និង ផ្តល់ឱកាសការងារជាដើម ។ ការចុះអនុស្សរណៈ នៃការយោគយល់គ្នានាពេលនេះ គឺជាការលើកកម្ពស់ភាពជាដៃគូរ វាងស្ថាប័នទាំងពីរ ឱ្យកាន់តែមានភាព គ្រប់ជ្រុងជ្រោយ និង ចូលរួមចំណែកកាន់តែទូលំទូលាយ ក្នុងការពង្រឹងការអភិវឌ្ឍជំនាញ សម្រាប់ប្រជាជនកម្ពុជា ដែលឆ្លើយតបទៅនឹងទស្សនវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចំបង។

ទាំងលោករដ្ឋមន្រ្តី និង អ្នកឧកញ៉ា សុទ្ធតែមានទស្សនរួមគ្នាថា បើចង់ឱ្យគ្រួសារមួយ ក្រុមហ៊ុន ឬស្ថាប័នមួយរីកចម្រើន ទៅបាន ត្រូវការចាំបាច់នូវធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវ: វិវត្តន៍តាមទាន់ការរីក ចម្រើននៃបច្ចេកវិទ្យា មិនអាចពឹងផ្អែកលើចំណេះដឹង និងជំនាញដែលខ្លួនមានពីមុនទេ ត្រូវអភិវឌ្ឍខ្លួនជាប្រចាំដើម្បីបង្កើនជំនាញ (upskilling) និងផ្លាស់ប្តូរជំនាញ(Reskilling)។

ជាចុងក្រោយ លោករដមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបានចាប់យកក្រសួងជាដៃគូសហការ ដោយបញ្ជាក់ថា ការចុះអនុស្សរណៈនាពេលនេះ មិនមែនដើម្បីប្រយោជន៍ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែឯង ឬក៏មិនមែនដើម្បីប្រយោជន៍របស់ក្រសួងទេ ប៉ុន្តែដើម្បីបង្កើនភាពជាដៃគូយ៉ាងជិតស្និទ្ធថែមទៀត ក្នុងការរួមគ្នាផ្តល់ជាប្រយោជន៍សម្រាប់បងប្អូនកម្មករនិយោជិត យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ៕

To Top