ព័ត៌មានអន្តរជាតិ

អាមេរិកសម្រេចលុបចោល ការថតរូបរួម នៃកិច្ចប្រជុំ G20 ក្រោយអ្នកការទូតអឺរ៉ុបជំទាស់វត្តមាន លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី

បរទេស៖ កិច្ចប្រជុំនៅទីក្រុងអាត្លង់តា (Atlanta) នឹងបន្តដំណើរ ការទៅតាមការគ្រោងទុក ដែលធ្វើឡើងមុនពេល កិច្ចប្រជុំកំពូលមេដឹកនាំ G20 ដែលរៀបចំដោយប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅក្លឹបវាយកូនហ្គោលរបស់លោក ក្នុងទីក្រុងម៉ៃអាមី (Miami) នាខែធ្នូខាងមុខ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន Euro នាពេលថ្មីៗនេះ។

សហរដ្ឋអាមេរិកបានសម្រេចលុប ចោលកម្មវិធីថតរូបរួមគ្នាតាមការគ្រោងទុក របស់រដ្ឋមន្ត្រីការបរទេសមកពីប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំង២០ (G20) កាលពីថ្ងៃសុក្រ បន្ទាប់ពីអ្នកការទូតអឺរ៉ុបជាច្រើនរូបបានសម្តែង ការជំទាស់នឹងការថតរូបទន្ទឹមគ្នា នឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) ព្រមទាំងបានគំរាមដើរចេញពីកម្មវិធីនេះថែមទៀតផង។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានសម្រេចចិត្តលុបចោលការថតរូបនេះ ដើម្បីជៀសវាងភាពចម្រូងចម្រាសបន្ថែមទៀត នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីអាមេរិកពីររូប ដែលសុំមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះ។

​ថ្លែងបើកកិច្ចពិភាក្សា លោក Rubio បានសម្លឹងមើលទៅមុខ ដោយមានប្រសាសន៍ថាលោកសង្ឃឹមថានឹងមាន “កិច្ចប្រជុំមួយប្រកបដោយផ្លែផ្កា”។ លោកបានមានប្រសាសន៍ថា៖ “យើងកំពុងស្ថិតក្នុងពេលវេលាដ៏សំខាន់មួយ  ខ្ញុំសូមហៅវាថាជាពេលវេលានៃការជ្រើសរើស ហើយខ្ញុំសូមបញ្ជាក់ថា វាមិនមែនត្រឹមតែសម្រាប់ប្រទេសរបស់ខ្ញុំគឺសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនិយាយដោយស្មោះត្រង់ គឺសម្រាប់ពិភពលោកទាំងមូលតែម្តង។”

​លោកបានបន្ថែមថា៖ “យើងកំពុងប្រឈមមុខ នឹងវិបត្តិសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលជាប់ពាក់ព័ន្ធគ្នា ជាបន្តបន្ទាប់” ដែលវិបត្តិជាច្រើនកំពុងបង្ក “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះដ៏សំខាន់ នៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។”

ប្រែសម្រួល៖ គីរី

To Top