ព័ត៌មានអន្តរជាតិ

សភាអ៊ុយក្រែន ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់ការបោះឆ្នោត

គៀវ៖ លោក Oleksandr Korniyenko អនុប្រធានសភាទីមួយរបស់ប្រទេសប្រទេសអ៊ុយក្រែន បានឲ្យដឹងថា អ្នកតាក់តែងច្បាប់អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការបោះឆ្នោត នេះបើយោងតាមការចុះភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Korniyenko បានកត់សម្គាល់ថា ជម្លោះជាមួយរុស្ស៊ីនៅតែជាបញ្ហាប្រឈមដ៏សំខាន់ សម្រាប់ការរៀបចំការបោះឆ្នោត។ លើសពីនេះ ការធានាការបោះឆ្នោតសម្រាប់ជនភៀសខ្លួនក្នុងស្រុក បុគ្គលិកយោធា និងជនជាតិអ៊ុយក្រែន ដែលបានចាកចេញពីប្រទេស គឺជាបញ្ហាប្រឈមមួយទៀត។

អ្នកជំនាញនយោបាយអ៊ុយក្រែន លោក Igor Popov បានឲ្យដឹងនៅលើហ្វេសប៊ុកថា ប្រសិនបើវិសោធនកម្មច្បាប់ទាំងអស់ត្រូវបានអនុម័ត ហើយកិច្ចព្រមព្រៀងនយោបាយទាំងអស់ត្រូវបានឈានដល់ក្នុងរយៈពេលបីសប្តាហ៍ ការបោះឆ្នោតអាចត្រូវបានប្រកាសនៅដើមខែមករា និងធ្វើឡើងនៅខែមេសា។

អ្នកវិភាគម្នាក់ទៀត លោក Vadym Denysenko បានឲ្យដឹងនៅលើហ្វេសប៊ុកថា លោកសង្ស័យថាការបោះឆ្នោតអាចកើតឡើងក្នុងពេលឆាប់ៗនេះ ដោយសារបទឈប់បាញ់ គឺត្រូវការជាចាំបាច់ ដើម្បីធានាការបោះឆ្នោតដោយសុវត្ថិភាព។ លោកបានលើកឡើងថា រុស្ស៊ីទំនងជាមិនបញ្ឈប់ការប្រយុទ្ធ សម្រាប់ការបោះឆ្នោតរបស់អ៊ុយក្រែននោះទេ។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ការបោះឆ្នោតនៅអ៊ុយក្រែនអាចត្រូវបានធ្វើឡើងក្នុងរយៈពេល ៦០ ទៅ ៩០ ថ្ងៃ ប្រសិនបើសហរដ្ឋអាមេរិក និងអឺរ៉ុបផ្តល់ការធានាសន្តិសុខ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top