ព័ត៌មានអន្តរជាតិ

ប្រទេសចិន ជំរុញយ៉ាងមុតមាំឱ្យសហភាពអឺរ៉ុប ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ក្រោមរូបភាពសិទ្ធិមនុស្ស

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិន ជំរុញយ៉ាងមុតមាំឱ្យសហភាពអឺរ៉ុប ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតក្រោមរូបភាពសិទ្ធិមនុស្ស លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលឆ្លើយសំណួរលើសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងប្រទេសចិន ដែលត្រូវបានចេញដោយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសចិន នៅទិវាសិទ្ធិមនុស្សអន្តរជាតិ។

លោក Guo បានលើកឡើងថា សេចក្តីថ្លែងការណ៍សិទ្ធិមនុស្សស្តីពីប្រទេសចិន ដែលចេញដោយគណៈប្រតិភូសហភាពអឺរ៉ុប មិនបានអើពើនឹងការពិត បង្ខូចទ្រង់ទ្រាយត្រឹមត្រូវ និងខុស ហើយពោរពេញទៅដោយការបង្កាច់បង្ខូច ការកុហកឥតខ្ចោះ និងព័ត៌មានមិនពិតអំពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសចិន។

លោកបានកត់សម្គាល់បន្ថែមទៀតថា សេចក្តីថ្លែងការណ៍នេះបង្កើតបានជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពតុលាការរបស់ប្រទេសចិន និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។ លោក បានបន្ដថា “ប្រទេសចិន ថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍នេះ ហើយបានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីសហភាពអឺរ៉ុបរួចហើយ”។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ហើយបានស្ថាបនាផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដោយជោគជ័យ ដែលស្របតាមនិន្នាការនៃសម័យកាល និងសមស្របនឹងលក្ខខណ្ឌជាតិរបស់ប្រទេសចិន។ លោក បានកត់សម្គាល់ថា “សមិទ្ធផលប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើងក្នុងបុព្វហេតុសិទ្ធិមនុស្ស និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យសង្គមនិយម និងនីតិរដ្ឋនៅក្នុងប្រទេស ដែលជាការពិតដែលអ្នកណាម្នាក់ដោយគ្មានការរើសអើងអាចមើលឃើញ និងទទួលស្គាល់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top