ថៃផ្គើនអាមេរិក-ម៉ាឡេស៊ី ដោយបន្តប្រើ F-16 កាំភ្លើងធំ គ្រាប់បែកចង្កោម និងផ្សែងពុលបាញ់កម្ពុជា
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិកម្ពុជាបានថ្លែងថា យោធាថៃនៅតែបន្តសកម្មភាពបាញ់ប្រហារមកលើកម្ពុជា ដោយមិនរើសគោដៅ បើទោះបីជាប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេនស្រែកប្រាប់ឲ្យបញ្ឈប់ការបាញ់ប្រហារក៏ដោយ ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ” នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា នៅព្រឹកថ្ងៃ១៤ ធ្នូនេះ យោធាថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជាដោយគ្មានរើសគោលដៅ ។ ក្នុងនោះបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្រ្តបា្រសាទព្រះវិហារ បង្កើនរថក្រោះ កម្លាំងថ្មើរជើងចូលមកបន្ថែមទៀតក្នុងភូមិសាស្រ្តប្រាសាទព្រះវិហារ និងបានបាញ់កាំភ្លើងធំ ផ្សែងពុល និងគ្រាប់បែកចង្កោម ដោយគ្មានកោតញញើតច្បាប់អន្តរជាតិ និងអនុសាសន៍របស់ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ។
លោកស្រីបញ្ជាក់ថា “ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតចាប់តាំងពីវេលាម៉ោង១២រំលងអាធ្រាត រហូតដល់ព្រឹកថ្ងៃ១៤ ធ្នូនេះ វេលាម៉ោង៥និង៥៥នាព្រឹក យោធាថៃបានប្រើយន្តហោះចម្បាំងប្រភេទ F-16 ហោះក្រឡឹង និងបន្ទាប់មកទំលាក់គ្រាប់បែកចំនួន៤គ្រាប់នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្រ្តអូភ្លុកដំរី” ។
បន្ថែមលើនេះទៀតលោកស្រីថា នៅម៉ោងជាង៦ព្រឹកថ្ងៃដដែលនេះទៀត យោធាថៃក៏បើកការប្រហារនៅភូមិសាស្ត្រច១ ក្នុងខេត្តពោធិ៍សាត់ថែមទៀត ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកអាន់វ៉ា អ៊ីប្រាហ៊ី បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ហើយបានជំរុញឲ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមាបញ្ឈប់រាល់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬចលនាឆ្ពោះទៅមុខនៃអង្គភាពប្រដាប់អាវុធ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២២ យប់ ។ ជាមួយគ្នានេះដែរ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ប្រាប់ទៅនាយករដ្ឋមន្រ្តីថៃចាំផ្ទះ លោក អានុទីន ត្រូវអនុវត្តនូវបទឈប់បាញ់ផងដែរ ៕
