ភរិយារបស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភជូនវីរៈកងទ័ព កំពុងឈរជើងប្រយុទ្ធ ការពារបូរណភាពទឹកដី
ភ្នំពេញ ៖ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយារបស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់ វីរៈកងទ័ព នៃកងពលតូចថ្មើរជើងលេខ៣១ និងវរសេនាតូចលេខ៣១៤ ចំណុះកងពលតូចថ្មើរជើងលេខ៣១ ដែលនេះបានបង្ហាញក្នុងស្មារតី “ខ្មែរតែមួយ” ដើម្បីរួមគ្នាជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងប្រយុទ្ធ ការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃនៅសមរភូមិជួរមុខ។

អំណោយទាំងអស់នេះ គឺជាការឆ្លើយតបដ៏ទាន់ពេលវេលា ចំពោះ ការលំបាកខ្វះខាត នានាដែលកងទ័ពជួរមុខកំពុងជួបប្រទះក្នុងគ្រាដែលប្រទេសជាតិ កំពុងរងការវាយប្រហារពីយោធថៃ។ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ ចំពោះទុក្ខលំបាករបស់វីរកងទ័ព លោកស្រី ចាយ ច័ន្ទរ៉ានី ក្នុងនាមតំណាងឧត្តមសេនីយ៍ទោ ជាមេបញ្ជាការ បានបង្ហាញយ៉ាងច្បាស់អំពី ស្មារតីជាតិនិយម និង សាមគ្គីភាព ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេស ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ ដែលតែងតែរួមគ្នា ជួយគាំទ្រ និងលើកកម្លាំងចិត្ត ដល់វីរៈកងទ័ពរបស់យើងនៅសមរភូមិជួរមុខ។

សកម្មភាពដ៏ប្រពៃនេះ បានបញ្ជាក់ថា ប្រជាជនកម្ពុជាទាំងមូល មិនដែលព្រងើយកន្តើយចំពោះ កិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេង របស់កងទ័ព ដែលបានពលីកម្លាំងកាយចិត្ត ដើម្បីធានាសុវត្ថិភាព និងអធិបតេយ្យភាពរបស់ជាតិ៕











