វីរកងទ័ពកម្ពុជា កំពុងឈរជើងយ៉ាងស្វាហាប់ តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា វីរកងទ័ពជួរមុខកម្ពុជា នៅតែបន្តឈរជើងយ៉ាងរឹងមាំ និងស្វាហាប់ប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានកម្ពុជា ។
ក្នុងសន្និសីទព័ត៌មាន ស្តីពី ការឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា វីរកងទ័ពកម្ពុជាបាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការ បំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

លោកស្រីក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យ ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។ កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ។

អ្នកនាំពាក្យបានស្នើប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជាត្រូវរួបរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕
