ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន និងលោកស្រី អញ្ជើញចែកសម្ភារប្រើប្រាស់ ធុងចម្រោះទឹក និងផលិតផលថែរក្សាអនាម័យ ព្រមទាំងបរិក្ខារប្រើប្រាស់ ជូនដល់គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី រួមជាមួយ លោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង អង្គការដៃគូ បាននាំយកនូវសម្ភារប្រើប្រាស់ ធុងចម្រោះទឹកស្អាត និងផលិតផលថែរក្សាអនាម័យ ដែលជាសម្ភារ និងបរិក្ខារឧបត្ថម្ភដោយអង្គការភ្លែនអន្តរជាតិនៅកម្ពុជា និងក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ប្រគល់ជូនដល់គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅក្នុងមណ្ឌលជនភៀសសឹក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តាមរយៈរបាយការណ៍របស់លោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានជម្រាបជូនថា រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំមណ្ឌលជនភៀសសឹកចំនួន ១៥ទីតាំង រហូតមកដល់បច្ចុប្បន្ន មានបងប្អូនជនភៀសសឹកជម្លៀសពីតំបន់សមរភូមិជួរមុខមកស្នាក់នៅសរុបចំនួន ៣ ៤៨៣គ្រួសារ ស្មើនឹង ១០ ៩២៩នាក់ ក្នុងនោះមានកុមារចំនួន ៣ ៨៤០នាក់, ចាស់ជរា ៥៩៧នាក់, ជនមានពិការភាព៧៥នាក់ និងស្ដ្រីមានផ្ទៃពោះចំនួន ៥៦នាក់ ដោយឡែកគ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមកទទួលសម្ភារនាពេលនេះ មានចំនួន ៦១៩គ្រសារ ។ ជាមួយគ្នានោះដែរ លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនប្រចាំកម្ពុជា បានជម្រាបជូនថា អង្គការភ្លែនអន្តរជាតិកម្ពុជាសហការជាមួយរដ្ឋាភិបាល រួមទាំងដៃគូពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីចូលរួមក្នុងការលើកកម្ពស់ស្ថានភាពសុខភាព ការប្រើប្រាស់ទឹកស្អាត និងអនាម័យរបស់ជនភៀសសឹក ជាពិសេសជនងាយរងគ្រោះដែលរួមមាន ក្មេងស្រី និងកុមារ នៅក្នុងស្ថានភាពដ៏លំបាកនាពេលនេះ។ ជាក់ស្ដែង សម្ភារប្រើប្រាស់ដែលត្រូវចែកជូន ជនភៀសសឹកទាំង ៦១៩គ្រួសារ នាពេលនេះ រួមមាន ធុងចម្រោះ ធុងស កំសៀវ បោយទឹក កាទឹកអ៊ីណុក ធុងទឹក មុង កន្ទេល ក្រមា កន្សែងដៃ និងកន្ដ្រៃកាត់ក្រចក សាប៊ូលាងចាន សាប៊ូបោកខោអាវ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ សាប៊ូកក់សក់។

ក្នុងឱកាសនោះផងដែរ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ជាពិសេសអាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ ដែលបានជួយរៀបចំទីតាំងសុវត្ថិភាពជូនបងប្អូនភៀសសឹក ដោយការយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាបានថ្លែងអំណរគុណចំពោះអង្គការភ្លែនអន្ដរជាតិ និងក្រុមហ៊ុនយូនីលឹវើ ខេមបូឌា ដែលបានចូលរួមជួយឧបត្ថម្ភជាសម្ភារប្រើប្រាស់ចាំបាច់នាពេលនេះ។

លោករដ្ឋមន្ដ្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជាវបណ្ឌិត ជូនបងប្អូនជនភៀសសឹក និងបានជម្រាបជូនបងប្អូនអំពីការយកចិត្តទុកដាក់របស់សម្ដេច លើការដោះស្រាយទុក្ខលំបាករបស់បងប្អូន ដែលកំពុងរងគ្រោះដោយសារអំពើឈ្លានពានព្រៃផ្សៃរបស់យោធាថៃ មកលើប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្តមានប្រសាសន័ថាក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី“ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន កំពុងផុសផុលឡើង ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុងស្រុក និងក្រៅប្រទេសរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងបងប្អូនជនភៀសសឹក។ សម្ភារទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក និងការខ្វះខាតជាច្រើនដែលបងប្អូនកំពុងប្រឈម និងអាចជួយបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាបណ្តោះអាសន្នបានមួយចំណែក។ ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែលអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពានរបស់ចោរសៀម មិនឱ្យបាត់បង់សូម្បីតែ ១មីលីម៉ែត្រ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រីក៏បានអញ្ជើញជួបសំណេះសំណាល និងនាំយកថវិការបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនបងប្អូនជនភៀសសឹកដែលជាស្ត្រីមានផ្ទៃពោះ និងទើបសម្រាលកូនរួចចំនួន ៣០នាក់ផងដែរ។ បន្ទាប់ពីពិធីចែកសម្ភារប្រើប្រាស់ សម្ភារទឹកស្អាតនិងអនាម័យ និងផលិតផលថែរក្សាអនាម័យ ជូនបងប្អូនប្រជាពលរដ្ឋរួមមក លោករដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទទួលឃីតសម្ភារប្រើប្រាស់ ដែលជាការឧបត្ថម្ភរបស់អង្គការភ្លែនប្រចាំកម្ពុជាតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប សម្រាប់ចែកជូនដល់គ្រួសារវីរកងទ័ព និងបងប្អូនភៀសសឹក នៅតាមមណ្ឌលជនភៀសសឹកផ្សេងៗទៀតក្នុងខេត្តសៀមរាបផងដែរ៕

To Top