ព័ត៌មានជាតិ

អង់គ្លេស បញ្ជាក់ពីការប្តេជ្ញានូវការគាំទ្ររបស់ខ្លួន ចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ

ភ្នំពេញ៖ ចក្រភពអង់គ្លេស តាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ។

យោងតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ការបញ្ជាក់របស់លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស អំពីការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ក្នុងគ្រាទទួលញត្តិពីសមាគមអតីតនិស្សិត Chevening កម្ពុជាដែលអំពាវនាវឱ្យបញ្ឈប់អរិភាពនៅតាមព្រំដែនថៃ-កម្ពុជា ។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត Dominic Williams បានស្តាប់កង្វល់របស់ក្រុមអតីតនិស្សិតកម្ពុជា ដោយលោកបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះបទឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកការសន្ទនាដោយសន្តិវិធី ក្នុងផលប្រយោជន៍រួមនៃស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃត្រូវបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់មកពីទៀតភាគីទាំងពីរក៏បានយល់ព្រមចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top